តើប៉ូលិស ឬ ខេមបូឌានថាយហ្គឺរ ជា​បេក្ខ​ភាព​អាច​បន្ត​ទៅ​វគ្គ Play-Off?

By |

ការប្រកួតបិទបញ្ចប់រដូវកាលសម្រាប់សប្តាហ៏ទី២២ ជុំទី២ នៃក្របខ័ណ្ឌលីកកំពូលកម្ពុជារដូវកាល២០១៥នេះ​ ក្រុម អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ( ប៉ូលីស ) ប្រកួតជាមួយក្រុមខេមបូឌានថាយហ្គឺរ ( Cambodian Tiger FC ) ដែល​នឹង​ប្រព្រឹត្ត​ទៅ​លើ​​ទីលាន​កីឡដ្ឋានជាតិ នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៦ល្ងាច។

 

*ពត៌មានពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ

រដូវកាល២០១៥នឹងត្រូវបញ្ចប់ជុំទី២ក្នុងសប្តាហ៏ទី២២នេះហើយ ក្រុមប៉ូលីសដែលជាអតីតម្ចាស់ពានរង្វាន់ សម្ដេច ហ៊ុន សែន ( Hun Sen Cup ) កាលពីឆ្នាំមុន កំពុងតែប្រឹងប្រែងរកកៅអីទៅវគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌលីករដូវកាលនេះ។ ២១ប្រកួតកន្លងមករបស់ប៉ូលីស​ឈរនៅលេខរៀងទី៦ ​គឺឈ្នះ ១០លើក ស្មើ៥លើក និងចាញ់៦លើក មាន៣៥ពិន្ទុ ពោល​គឺ​ស្មើ​ជាមួយក្រុមលំដាប់ទី៥ ក្រសួងការពារជាតិ​ដែលមាន៣៥ពិន្ទុដូចគ្នា។ ប្រកួត​ចុង​ក្រោយ​ចាញ់​ក្រុម​លំដាប់​ទី​២​ភ្នំពេញក្រោន ដោយលទ្ធផល២ទល់នឹង១នៅ កីឡដ្ឋាន RSN។ ប៉ូលីសត្រូវការឈ្នះជាដាច់ខាតក្នុង​ប្រកួត​ចុងក្រោយ​នេះ​ដើម្បី​រុញចំណាត់ថ្នាក់ខ្លួនឲ្យឡើងទៅលេខ៣ ឬលេខ៤ ។

 

*កីឡាករគួរចាប់អារម្មណ៏

អគ្គស្នងការដ្ឋាននគរបាលជាតិមានធនធានកីឡាករល្អៗជាច្រើន រួមមាន ទិត្យ ឌីណា នួន បូរី អ៊ុល រ៉ាវី និង កីឡាករ​សញ្ជាតិ​ជប៉ុន Yuske Ishii ។ ជាក់ស្តែងកាលពីសប្តាហ៏មុនកីឡាករ ទិត្យ ឌីណាបានស៊ុតបាល់បញ្ចូលទីគ្រាប់ដ៏អស្ចារ្យមួយគ្រាប់ក្នុង​ជំនួបជាមួយភ្នំពេញក្រោន។

 

*៥ប្រកួតចុងក្រោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

– ថ្ងៃព្រហស្បត្តិ៏ ទី១៧ ខែកញ្ញា ឆ្នាំ២០១៥ – ស្វាយរៀង ១-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

-ថ្ងៃអាទិត្យ ទី ២០ ខែកញ្ញា ឆ្នាំ២០១៥ – អគ្គស្នងការដ្ឋាននគរបាលជាតិ ១-០ ណាហ្គាវើល

-ថ្ងៃពុធ ទី ២៣ ខែកញ្ញា ឆ្នាំ២០១៥ – អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ អាស៊ីអឺរ៉ុបយូណាយធីត

-ថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ – អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ មជ្ឍមណ្ឌលកំចាត់មីន

-ថ្ងៃសៅរ៏ ទី ១៧ ខែតុលា ឆ្នាំ២០១៥ – ភ្នំពេញក្រោន ២-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

*ពត៌មានពីក្រុមខេមបូឌានថាយហ្គឺរ

ក្រុមខេមបូឌានថាយហ្គឺរក៏មិនខុសគ្នាពីក្រុមប៉ូលីសប៉ុន្មានដែរ ព្រោះថាពួកគេសព្វថ្ងៃកំពុងតែប្រដេញពិន្ទុគ្នាដើម្បីបន្តទៅ​វគ្គខ្វែង ( Play-Off ) ។ ខេមបូឌានថាយហ្គឺរឈរនៅចំណាត់ថ្នាក់ទី៤ មាន ៣៧ពិន្ទុ ក្នុងនោះ ឈ្នះ១១លើក ស្មើ៤លើក និង​ចាញ់​៦លើក ប្រកួតចុងក្រោយរបស់គេគឺឈ្នះក្រុមមជ្ឍមណ្ឌលកំចាត់មីន ( ស៊ីម៉ាក់ ) ២ទល់នឹង១ នៅកីឡដ្ឋានវេស្ទើន។ ប្រកួត​ចុង​ក្រោយ​នេះ​ខេមបូឌានថាយហ្គឺរ ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត​ដើម្បី​ការពារ​ចំណាត់​ថ្នាក់​របស់​ខ្លួន​ពី​ការ​តាម​ប្រដេញ​ពិន្ទុ​ដោយ​​ក្រុមក្រសួងការពារជាតិ និងប៉ូលីស ។

 

*កីឡាករគួរឲ្យចាប់អារម្មណ៏របស់ក្រុមខេមបូឌានថាយហ្គឺរ

ម្ចាស់អាវពាក់ស្លាកលេខ៩ Befolo Mbarga Jean Marie PRIVAT គឺ ជា ខ្សែ ប្រយុទ្ធ ដ៏  ឆ្នើម របស់ ក្រុម ខេមបូឌានថាយហ្គឺរ នាពេលបច្ចុប្បន្ន។

*៥ប្រកួតចុងក្រោយរបស់ខេមបូឌានថាយហ្គឺរ

– ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០១៥ – ខេមបូឌានថាយហ្គឺរ ១-១ បៀលប្រាយយូណាយធីត

-ថ្ងៃព្រហស្បត្តិ៏ ទី ២៤ ខែកញ្ញា ឆ្នាំ២០១៥ – ខេមបូឌានថាយហ្គឺរ ០-៣ ស្វាយរៀង

-ថ្ងៃអាទិត្យ ទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ – ខេមបូឌានថាយហ្គឺរ ០-២ ណាហ្គាវើល

-ថ្ងៃព្រហស្បត្តិ៏ ទី ០១ ខែតុលា ឆ្នាំ២០១៥ – អាស៊ីអឺរ៉ុបយូណាយធីត ១-២ ខេមបូឌានថាយហ្គឺរ

-ថ្ងៃអាទិត្យទី ១៨ ខែតុលា ឆ្នាំ២០១៥ – ភ្នំពេញក្រោន ២-១ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

គួរបញ្ជាក់ផងដែរថា ជំនួបចុងក្រោយរវាងក្រុមទាំងពីរក្នុងរដូវកាល២០១៥នេះ គឺ ខេមបូឌានថាយហ្គឺរ បាន យក ឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០ នៅលើទីលានវេស្ទើនកាលពីថ្ងៃព្រហស្បត្តិ៏ ទី០២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។

តើអគ្គស្នងការដ្ឋាននគរបាលជាតិអាចសងសឹកវិញបានដែរឬយ៉ាងណា?

 

*ប្រវត្តិជួបគ្នារវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមខេមបូឌានថាយហ្គឺរ៖

រដូវកាល២០១៤ ថ្ងៃទី២៣ ខែកុម្ភៈ ជុំទី១ – ខេមបូឌានថៃហ្គឺរ ១-០ អគ្គស្នងការដ្ឋាននគរបាលជាតិ

រដូវកាល២០១៤ ថ្ងៃទី២៦ ខែកក្កដា ជុំទី២ – អគ្គស្នងការដ្ឋាននគរបាលជាតិ ០-២ ខេមបូឌានថាយហ្គឺរ

រដូវកាល២០១៥ ថ្ងៃទី០២ ខែកុម្ភៈ ជុំទី១ – ខេមបូឌានថាយហ្គឺរ ២-០ អគ្គស្នងការដ្ឋាននគរបាលជាតិ