តំណាង​ក្រុមហ៊ុន Toyota ជឿជាក់​លើក​ក្រុម​បឹងកេត​ ជា​បេក្ខជន​ទៅ​ដណ្ដើម​ពាន​ Toyota Mekong Club Championship

By |

ឆ្លង​កាត់១៣២ប្រកួតកន្លងមក ដែល​គិត​ចាប់​ពី​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៥ ដល់​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៥ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រក​ឃើញ​ក្រុម​ដែល​តំណាង​អោយ​កម្ពុជា​ លេង​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship ហើយ​ពោល​គឺ​បឹងកេតអង្គរ  ក្រោយ​ប្រកួត​ឈ្នះ​ភ្នំពេញក្រោន ក្នុង​លទ្ធផល៤-២ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។

 

យ៉ាង​ណា​មិញ​លោក Masaaki Kawabata នាយក​ក្រុមហ៊ុន Toyota Cambodia  បាន​និយាយ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ក្រុម​កម្ពុជា មួយ​នេះ ដោយ​លើក​ឡើង​ថា៖ «ថ្ងៃ​នេះ​(ល្ងាច​ថ្ងៃ​ទី ២២ តុលា) ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​មែនទែន​នៅ​ពេល​ដែល​បាន​មក​មើល​ការ​ប្រកួត​ក្រុម​ខ្លាំង​ទាំង​២​​ដោយ​ផ្ទាល់។ ខ្ញុំ​គិត​ថា​បឹងកេតអង្គរ  ដែល​តំណាង​អោយ​ក្រុម​កម្ពុជា ​ប្រាកដ​ជា​អាច​ធ្វើ​បាន​ល្អ​ក្នុង​ពាន​មួយ​នេះ។ ចំណែក​រឿង​មួយ​ទៀត​គឺ ​ចាន់ វឌ្ឍនាកា ខ្ញុំ​ជឿ​ថា​គេ​អាច​រក​គ្រាប់​បាន​ក្នុង​ពាន​រង្វាន់​មួយ​នេះ​»។​

 

លោក Masaaki Kawabata ​បាន​បន្ថែម​ពី​​អ្នក​គាំទ្រ​នៅ​​របស់​បាល់ទាត់​កម្ពុជា សព្វ​ថ្ងៃ​ថា៖« ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក​ពេល​ដែល​ឃើញ​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​មក​ចូលរួម​ច្រើន​ ជា​ពិសេស​យុវជន​និង​ក្មេងៗ។ ប្រសិន​បើ​មាន​អ្នក​គាំទ្រ​មក​ចូលរួម​កាន់​តែ​ច្រើន នោះ​ការ​ប្រកួត​គឹ​កាន់​តែ​ល្អ»។

 

ម្សិលមិញ​នេះ​ដែរ​លោក នាយក​ក្រុមហ៊ុន Masaaki Kawabata បាន​ប្រគល់​​លិខិត​អញ្ជើញ​ជា​​ផ្លូវការ​ដល់​ក្រុម​បឹងកេតអង្គរ ក្រោយ​​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ប្រចាំ​រដូវកាល​លីក​កំពូល​កម្ពុជា ឱ្យ​ទៅ​ចូលរួម​ក្នុង​ពាន​រង្វាន់​បាល់ទាត់​​សម្រាប់​ក្លិប​ប្រចាំ​មហា​អនុតំបន់​ទន្លេ​មេគង្គ Toyota Mekong Club Championship 2015 ផង​ដែរ។

 

យោង​តាម​ការ​ចាប់​ឆ្នោត​កាល​ពី​ខែ​កក្កដា កន្លង​ទៅ​ការ​ប្រកួត​ចែកជា ៣ ជុំ​​ផ្សេង​គ្នា ដោយ​​​ប្រកួត​ជុំ​ដំបូង​ក្រុមបឹងកេតអង្គរ(កម្ពុជា) នឹងត្រូវជួបក្រុមរបស់ប្រទេសឡាវ(មិនទាន់រកឃើញ) នៅថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៥  ហើយ​​នៅ​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្លិប​Yangon United(មីយ៉ាន់ម៉ា) ប្រកួត​ជាមួយ​ក្លិប​ឡាវ(មិនទាន់រកឃើញ) នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ចុង​ក្រោយ នៅ​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្លិប​ក្រុមបឹងកេតអង្គរ(កម្ពុជា)  ប្រកួត​ជាមួយ​ក្លិប​Yangon United(មីយ៉ាន់ម៉ា) នៅ​កីឡដ្ឋាន ជាតិ៕

 

សម្រាប់​តារាង​ពិន្ទុ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា សូម​ចុច​ទីនេះ…