អារម្មណ៍​របស់​ប្រធាន​ក្រុម​ភ្នំពេញក្រោន ក្រោយ​ក្លិប​ពិន័យ​កីឡាករ​និង​មន្រ្តី ១១ រូប

By |

បន្ទាប់​ពី​មាន​រឿង​មិន​ប្រក្រតី​នៅ​ក្នុង​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន នា​ពេល​ថ្មីៗ​នេះ ពោល​គឺ​ប្រធាន​ក្លិប​សម្រេច​ព្យួរ​កីឡាករ ៍ នាក់​និង​មន្រ្តី​ចំនួន ៤ នាក់ កីឡាករ កុក​​ បូរីស ជា​ប្រធាន​ក្រុម​បាន​សម្តែង​ការ​ខក​ចិត្ត នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

ក្នុង​សំណេរ​​ជា​ភាសា​អង់គ្លេស​ បូរីស បាន​សរសេរ​ថា៖៖«ថ្ងៃ​នេះ​ (ម្សិលមិញ) គឺ​ជា​ថ្ងៃ​គួរ​អោយ​សោកស្តាយ​​និង​ ក្រៀម​ក្រំ​បំផុត សម្រាប់​ក្លិប​ភ្នំពេញក្រោន។ដោយ​​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា យើង​បាន​ចំណាយ​ពេល​យ៉ាងយូរ​ ក្នុង​ការ​ប្រជុំ ទាំង​ក្រុម​ធំ និង ឈុត​យុវជន បុគ្គលិក​ពាក់ព័ន្ធ​ក្រោម​វត្តមាន​របស់​លោក រិទ្ធី សំណាង ជា​ម្ចាស់​ក្លិប​ផ្ទាល់។ ក្លិប​បាន​សម្រេច​ចិត្ត​ដាក់​ពិន័យ​ទៅ​លើ​កីឡាករ​៧​នាក់ ដែល​វា​ជា​រឿង​អាក្រក់​មួយ​សម្រាប់​ពួក​យើង​មុន​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​ជាមួយ​ណាហ្គាវើល»។

កីឡាករ​ខ្មែរ-បារាំង​រូប​នេះ​បន្ថែម​ថា«សម្រាប់​ខ្ញុំ កីឡាករ​ទាំង​៧​នាក់​នេះ ​មិនមែន​ជា​មនុស្ស​អាក្រក់​នោះ​ទេ។ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ល្អ​យ៉ាង​ច្រើន​ជាមួយ​ពួក​គេ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​ពួក​គេ ដូចជា សុះ ស៊ូហាណា,ថោង​ ដា,សារី ម៉ាត់ណូរ៉ូទីន,ទូច សុខហេង យើង​មាន​ស្មាម​ញញឹម​ជាមួយ​គ្នា​អំឡុង​ពេល​ហ្វឹកហាត់ ពួក​គេ​មិន​ដែល​បង្ហាញ ឬ ធ្វើ​អំពើ​អាក្រក់ ជាមួយ​ខ្ញុំ​និង​ក្រុម​នោះ​ទេ។ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​យល់​ស្រប​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្លិប ដោយ​សារ​តែ អំពើ​ពុករលួយ​និង​ ការ​រៀបចំ​ទុក​ជា​មុន មិនមាន​ជាមួយ​យើង​នោះ​ទេ។ នេះ​គឺ​ជា​ចំណុច​អាក្រក់​ធំ​មួយ​ នៅ​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។ យើង​ធ្លាប់​ប្រយុទ្ធ​ប្រឆាំង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ក្នុង​រឿង​នេះ។

«ខ្ញុំ​មិន​បន្ទោស​កីឡាករ​ទាំង​អស់​នោះ​ទេ ប្រហែល​ជា​មាន​ហេតុផល​ផ្ទាល់​ខ្លួន​ របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​រឿង​នេះ​ឡើង។ ខ្ញុំ​គិត​ថា​ពួក​គេ​គឺ​ជា​ជន​រងគ្រោះ នៃ​ប្រព័ន្ធ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​  មិនមែន​កើត​ឡើង​តែ​ជាមួយ​ភ្នំពេញក្រោន​ទេ។ ប្រសិន​បើ​អ្នក​មាន​ការ​ឆ្លាត​ អ្នក​នឹង​យល់​ថា​រឿង​នេះ​បាន​កើត​ឡើង​ច្រើន​ដង​មក​ហើយ​ផង​ដែរ​ប៉ុន្តែ​នៅ​ក្នុង​ទីកន្លែង​ផ្សេង​ទៀត» បូរី បញ្ជាក់។

កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​លោក ប៉ែន ផាត នៅ​ប្រទេស​បារាំង​រូប​នេះ​បាន​បន្ថែម​ថា៖«ខ្ញុំ​និង​ក្រុម​ទាំង​មូល​ចង់​និយាយ​ថា”សុំទោស”​ទៅ​អ្នក​គាំទ្រ​ពីព្រោះ​អ្នក​ទាំង​អស់​គ្នា​ជឿ​ទុកចិត្ត​មក​លើ​ពួក​យើង។ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ក្រុម​ខ្ញុំ​ពិតជា​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​សារ​តែ​ ភាព​ស្មោះត្រង់​និង​សុចរិតភាព​គឺ​ជា​ច្បាប់​ដើម្បី​អោយ​អ្នក​ក្លាយ​ទៅ​ជា​កីឡាករ​អាជីព​ “ការ​គោរព”​អំពី​អ្នក​គាំទ្រ​ដែល​ជា​ខ្សែ​ជីវិត​របស់​យើង។ យើង​សម្រេច​ចិត្ត​លេង​បាល់ទាត់ ពីព្រោះ​គ្មាន​នរណា​ម្នាក់​ គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​និង​គាំទ្រ​កីឡាករ។ បើ​សិន​ជា​គ្មាន​យើង​ក៏​មិនមាន​បាល់ទាត់​ដែរ»។

ម្សិលមិញ​នេះ​ដែរ​ក្លិប​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​៧រូប​ និង​មន្រ្តី​ទាំង​៤​រូប​នោះ​ដែល​ត្រូវ​ព្យួរ​​រួមមាន៖
កីឡាករ៖ យុគ អៈអារី, ថោង ដា, សារី ម៉ាត់ណូរ៉ូទីន, ទូច សុខហេង, ង៉យ ស្រ៊ីន, សុះ ស៊ូហាណា និងសាន ឧសភា។
មន្រ្តី៖ ងួន ចាន់សុធា, ប៊ួយ ដារី, ស៊ឺ សីហា, និង ទេស សុផាត។

លោក ឬទ្ធី សំណាង ប្រធាន​ក្លិប​បាល់ទាត់ភ្នំពេញក្រោន បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ពី​មូលហេតុ​ដែលធ្វើការពិន័យទៅលើ​អ្នក​ពាក់ព័ន្ធ​ទាំង ១១ រូប​ថា ​នោះ​គឺ​ដោយ​សារ​ការ​ប្រព្រឹត្តិ​មិនសមរម្យ និង​ធ្ងន់ធ្ងរ​ចំពោះ លក្ខន្តិកៈ​នៃ​កិច្ចសន្យា​ការងារ ដោយ​មាន​ការ​កំណត់​លទ្ធផល​បាល់ទាត់ ​និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន។ ការ​ប្រព្រឹត្តិ​ទាំង​នេះ​មាន​ដូចជា​ ការ​លេង​មិន​អស់​សមត្ថភាព ក្នុង​ការ​ប្រកួត​សំខាន់​ៗ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ ព្រម​ទាំង​មាន​ផែនការ​និង​ធ្វើ​អោយ​កីឡាករ​បរទេស​សំខាន់ៗ​រងរបួស​ក្នុង​កំឡុង​ពេល​ហ្វឹកហាត់​ ហើយ​ជាង​នេះ​ទៅ​ទៀត​បាន​ប្រើប្រាស់​គណនី​ក្លែងក្លាយក្នុងបណ្តាញសង្គម Facebook ដើម្បី​ដាក់​រឿង​អវិជ្ជមាន​ និង​បញ្ចេញ​មតិ​យោបល​បង្ក​ជម្លោះ​ផ្សេងៗ៕