ឈ្នះ ៤-៣ តែ​គ្រូ​បឹងកេត​ ថា​គម្លាត​ក្រុម​ខ្លាំង​និង​ខ្សោយ​នៅ​លីក​កម្ពុជា មិន​ឆ្ងាយ​ពី​គ្នា

By |

គ្រូ​បង្វឹក​ក្រុម​បឹងកេតអង្គរ លោក ប្រាក់ សុវណ្ណរ៉ា ថា​​នៅ​លីក​កម្ពុជា​ គម្លាត​ក្រុម​ខ្លាំង​និង​ខ្សោយ​ មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ បន្ទាប់​ពី​ក្រុម​លោក​បាន​យក​ឈ្នះ​លើ​ក្រុម​ខេមបូឌានថាយហ្គឺរ ដោយ​លទ្ធផល ៤ ទលល់ ៣ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ម្សិលមិញ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ នៃ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ជើង​ទី១។

 

លោក​គ្រូ​បង្វឹក​​ដែល​ទើប​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​ខ្ពស់​ Pro Licence រូប​នេះ​បន្ថែម​ថា៖ «ថ្វី​ត្បិត​តែ​ខេមបូឌានថាយហ្គឺរ ជា​ក្រុម​មាន​កំរិត​នៅ​ខ្សោយ​ជាង​យើង​មែន​ប៉ុន្តែ​ពួក​គេ​មាន​ឱកាស​រក​បាន​ដល់​ទៅ​ទី​២​គ្រាប់​នៅ​តង់​ទី​១​រហូត​យើង​គ្រប់​គ្រង​ស្ថានការណ៍​រួច​វាយបក​បាន​ដល់​ទៅ​៤គ្រាប់​ មុន​ពេល​​គេ​តាម​បាន​១​គ្រាប់​វិញ​នៅ​ចុង​ម៉ោង។ យ៉ាង​ណា​មិញ​លទ្ធផល​៤-៣ ទុន​មួយ​សម្រាប់​ក្នុង​ការ​នាំ​ប្រៀប​លើ​គូ​ប្រកួត​នៅ​ជើង​ទី២ ក្នុង​ការ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា រដូវកាល​នេះ។

 

សូម​រំលឹក​ថា​ក្នុង​តង់​ទី១ ក្រុម​ខេមបូឌានថាយហ្គឺរ បាន​នាំ​មុខ​ក្រុម​បឹងកេតអង្គរ ២ ទល់ ១។ កីឡាករ Privat របស់​ខេមបូឌានថាយហ្គឺរ បាន​រក​គ្រាប់​បាល់​នាំ​មុខ ១ ទល់ ០ នៅ​នាទី ១៣ ខណៈ​មិត្តរូម​ក្រុម សួង វីរៈ បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី ៣០។ ប៉ុន្តែ​នៅ ៩ នាទី​បន្ទាប់ ពោល​គឺ​នាទី ៣៩ កីឡាករ ឃួន ឡាបូរ៉ាវី បាន​រក​គ្រាប់​បាល់​អោយ​បឹងកេតអង្គរ បាន១​គ្រាប់​វិញ​ មុន​ចប់​តង់​ទី១។

 

ចូល​ដល់​តង់ទី២ កីឡាករ សុខ សុវណ្ណ បាន​រក​គ្រាប់​បាល់​បញ្ជូល​ទី​នៅ​នាទី ៥៣ ឱ្យ​បឹងកេតអង្គរ តាម​បាន​ស្មើ ខណៈ​​កីឡាករ​ជនជាតិ​ជប៉ុន Yuya Wada បាន​រក​គ្រាប់​បាល់​ទី ៣ ឱ្យ​​បឹងកេតអង្គរ នៅ​នាទី ៧០។ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេតអង្គរ បាន​រក​គ្រាប់​ទី៤ ឱ្យ​​ក្រុម​ខ្លួន​ដោយ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ ក្នុង​នាទី​ ៨៨។ ប៉ុន្ដែ​កីឡាករ Privat របស់​ខេមបូឌានថាយហ្គឺរ បាន​រក​គ្រាប់​បាល់​វាយ​បក​វិញ​នៅ​នាទី ៩០។

 

សម្រាប់​ប្រកួត​ជើង​ទី​២​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទៀត​នៅ​​ថ្ងៃ សុក្រ ទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ខាង​មុខ។