ពានរង្វាន់ Toyota Cambodia Junior Cup2015 បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​​នៅ​កម្ពុជា

By |

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​សហការ​ជាមួយ​ក្រុម​ហ៊ុនតូយ៉ូតា រៀបចំ​ការ​ប្រកួត Toyota Cambodia Junior Cup 2015 ដែល​នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ ចាប់​តាំង​ពី​ក្រុមហ៊ុន​តូយ៉ូតា បាន​បង្កើត​ពានរង្វាន់​ប្រចាំ​អនុតំបន់ទន្លេមេគង្គ Toyota Mekong Club Championship មក។

 

ពាន​រង្វាន់​នេះ​រៀបចំ​ឡើង​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញ​ចាប់​ពី​១០ រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ដោយ​មាន​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​តូយ៉ូតាខេមបូឌា  បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង GFA Soriya រៀបចំ​ការ​ប្រកួត​ពានរង្វាន់​លក្ខណៈ​ខ្នាត​តូច​មួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​ការ​ចូលរួម​ពី​យុ​វជន​ក្រោម​អាយុ​១៥​ឆ្នាំ​ជាច្រើន​មក​ពី​តាម​បឋម​សិក្សា​នានា​ក្នុង​រាជធានី​ភ្នំពេញ។

 

ក្រុម​ចូលរួម​សរុប​ចំនួន ១២ ក្រុម​ដោយ​ចែក​ជា​២ ពូល​ក្នុង​នោះ​ពូល A មាន​ក្រុម សន្ធរម៉ុក, បាក់ទុក,  ទឹកល្អក់, វត្តព្រះពុទ្ធ, វត្តនាគវ័ន្ត, មិត្តភាព ហើយ​ពូល B មាន​ ទួលស្លែង, វត្តកោះ, សំពៅមាស,  ព្រះអង្គអេង, ទួលស្វាយព្រៃ, វត្តមហាមន្រ្តី។

 

សម្រាប់​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​នេះ ក្រុម​និមួយៗ​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូលរៀងៗ​ខ្លួន​ ដោយ​ការ​ប្រកួត​និមួយ​ៗ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​១០​នាទី។ បន្ទាប់​ពី​ប្រកួត​ចប់​តាម​ពូល​ ក្រុម​ដែល​ឈរ​ចំណាត់​ថ្នាក់​ទី​១​ដល់​ទី​៦​ក្នុង​ពូល​A ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ដូចគ្នា​ក្នុង​ពូល​B ​ដោយ​ក្រុម​លេខ​១​ពូលA និង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​១​ពូល​B ដើម្បី​ដណ្តើម​យក​ជើង​ឯក។

 

ការ​ប្រកួត​សម្រាប់​យុវជន​ថ្នាល​នេះ​វៀបចំ​លើ​ទីលាន​ស្មៅ​ទំហំ ៤៤,៥ ម៉ែត្រ គុណ​និង ៣១ ម៉ែត្រ ហើយ​ក្នុង​១​ក្រុម​មាន​កីឡាករ​លើ​ទីលាន ៨ នាក់ ខណៈ​ ក្រុម​និមួយៗ​អាច​ដាក់​កីឡាករ​ចូលរួម​បាន​ចំនួន​១៥​នាក់។

 

លោក Masaaki Kawabata អគ្គនាយក​ក្រុម​ហ៊ុនតូយ៉ូតា​ខេមបូឌាន  បាន​មាន​ប្រសាសន៍​ថា៖ «ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ខ្នាត​តូច Toyota Cambodia Junior Cup 2015​នេះ​ឡើង​គឺ​ដើម្បី​ចង់​បណ្តុះបណ្តាល​យុវជន​ថ្នាល​របស់​កម្ពុជា  ក៏​ដូចជា​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​រីក​ចំរើន​ឡើង។ ម្យ៉ាង​វិញ​ទៀត លោក​មាន​ការ​សប្បាយ​រីករាយ​ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ផង​ដែរ​ ចំពោះ​ការ​ចូលរួម​របស់​ក្មេង​ៗ​ជាច្រើន​ដែល​ពួក​គេ​សុទ្ធ​សឹង​តែ​ជា​ទំពាំង​ស្នងឬស្សី​របស់​កម្ពុជា​ទៅ​ថ្ងៃ​ខាង​មុខ»។ លោក Kawabata បាន​​សង្កត់​ធ្ងន់​ថា​ ការ​ប្រកួត​បាល់ទាត់​មិន​មែន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​រឹត​ចំណង​មិត្ភភាព​ សាមគ្គីភាព​រវាង​គ្នា​និង​គ្នា​ផង​ដែរ៕