ប្រវត្តិសាស្ត្រ៖ បឹងកេតអង្គរ ជា​ក្រុម​​របស់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​អាច​យក​​ឈ្នះ​ក្លិប​វៀតណាម

By |

ក្នុង​បាល់ទាត់​សម័យ​ទំនើប​ គេ​សង្កេត​ឃើញ​ថា​ក្រុម​បាល់ទាត់​បឹងកេតអង្គរ​ដែល​មាន​អាយុ​កាល​ទើប​តែ ៤ ឆ្នាំ​ក្នុង​លីក​កំពូល​កម្ពុជា ជា​ក្រុម​ដំបូង​បង្អស់​របស់​ប្រទេស​មួយ​នេះ​ដែល​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង​ក្នុង​លីក​កំពូល​របស់​វៀតណាម ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ផ្លូវការ។

 

បច្ចុប្បន្ន​ជើង​ឯក​លីក​កំពូល​របស់​វៀតណាម មាន​ឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​ពាន​រង្វាន់​​លំដាប់​កំពូល​របស់​ទ្វីប​អាស៊ី AFC Champion League ខណៈ​ក្រុម​ជើង​ឯក​​លីក​កំពូល​កម្ពុជា ធ្លាប់​លេង​ត្រឹម​តែ​​ក្នុង​ពាន​រង្វាន់​លំដាប់​ទី៣​ប្រចាំ​ទ្វីប​ AFC President’s Cup (សហព័ន្ធ​ទ្វីប​អាស៊ី​សម្រេច​លុប​ចោល​ក្នុង​ឆ្នាំ​២០១៥​នេះ) តែ​ប៉ុណ្ណោះ។

 

ក្នុង​ឆ្នាំ ២០០៥ ក្រុម​ណាហ្គាខប (ណាហ្គាវើល) ក្នុង​លីក​កំពូល​កម្ពុជា បាន​ប្រកួត​ចាញ់​ក្លិប Hoàng Anh Gia Lai របស់​លីក​កំពូល​វៀតណាម ដោយ​លទ្ធផល ៥ ទល់ ១ ក្នុង​ពាន​រង្វាន់​ 2005 ASEAN Club Championship ដែល​រៀបចំ​នៅ​ប្រទេស​ប្រ៊ុយណេ។ នៅ​ឆ្នាំ​នោះ​ជើង​ឯក​បាន​ទៅ​ក្លិប Tampines Rovers របស់​សិង្ហបុរី ហើយ​ជើង​​ជើង​ឯក​រង​បាន​ទៅ​ក្រុម Pahang របស់​ម៉ាឡេស៊ី ហើយ​លេខ​៣​បាន​ទៅ​ក្រុម DPMM របស់​ប្រ៊ុយណេ និង​ក្រុម  Hoàng Anh Gia Lai របស់​វៀតណាម។

 

នៅ​ឆ្នាំ ២០១៤ កន្លង​ទៅ​ក្រុម​ភ្នំពេញក្រោន ដែល​ជា​ជើង​ឯក​លីក​កំពូល​កម្ពុជា​ឆ្នាំ​នោះ បាន​ប្រកួត​ចាញ់​ក្រុម Becamex Bình Dương ដែល​ជា​ជើង​ឯក​​លីក​កំពូល​វៀតណាម នៅ​ឆ្នាំ​ដំណាល​គ្នា ដោយ​លទ្ធផល ៥ ទល់ ២ លើ​ទីលាន​ Gò Đậu Stadium ក្នុង​ប្រទេស​វៀតណាម នៅ​វគ្គ​ជម្រុះ​ដំបូង​នៃ​ពាន​រង្វាន់ Toyota Mekong Club Championship 2014។ បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ភ្នំពេញក្រោន ស្ដារ​ដើម​វិញ​ពេល​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ ជាមួយ​ក្រុម​ Hoang Anh Attapeu របស់​ឡាវ ដោយ​ឈ្នះ​ក្រុម​លទ្ធផល ២ ទល់ ០។

 

ថ្មីៗនេះ​ក្រុម​បឹងកេតអង្គរ របស់​លីក​កំពូល​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម Becamex Bình Dương ដែល​ជា​ជើង​ឯក​លីក​របស់​វៀតណាម ដោយ​លទ្ធផល ៣ ទល់ ២ នៅ​ទីលាន Hang Day ក្នុង​ទីក្រុង​ហាណូយ វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់  Toyota Mekong Club Championship 2015។ ៣ គ្រាប់​របស់​បឹងកេតអង្គរ រក​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា ទាំង​៣​គ្រាប់ ខណៈ​ Becamex Bình Dương អស់​ឱកាស​​ការ​ពារ​តំណែង​ជើង​ឯក​ក្នុង​ឆ្នាំ​នេះ។

 

ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ​ក្រុម​បឹងកេតអង្គរអែហ្វស៊ី ឡើង​​ទៅ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ Buriram United របស់​ថៃ​នៅ​ថ្ងៃ​ទី​ ២០ ខែធ្នូ ឆ្នាំ២០១៥ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ Suphachalasai ក្នុង​ទីក្រុង​បាងកក វេលា​ម៉ោង ០៧:០០ល្ងាច៕

 

អត្ថបទ​ពាក់ព័ន្ធ៖ វីដេអូហាយឡាយ អំពីការប្រកួតរវាងបឹងកេតអង្គរ និង​ Becamex Binh Duong FC