ប្រាក់ សុវណ្ណារ៉ា និយាយ​ពី​ចំណុច​ខ្សោយ​របស់ Buriram United មុន​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ TMCC

By |

«យើង​រង់ចាំ​មើល​បន្ថែម​ទៀត ប៉ុន្តែ​អ្វី​ជា​ចំណុច​ខ្សោយ​របស់​ក្រុម​គេ​គឺ​បើក​ការ​ប្រយុទ្ធ​ខ្លាំង​ អីចឹង​បើ​យើង​ហ្វឹកហាត់​ការ​វាយបក​បាន​ល្អ​គឺ​អាច​មាន​​ឳកាស»។ នេះ​ជា​សម្ដី​របស់​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​បឹងកេតអង្គរ លើក​ឡើង​មុន​ពេល ជួប​ក្រុម Buriram United របស់​ថៃ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Club Championship 2015 (TMCC 2015) ។

 

ប្រព័ន្ធ​លេង​បែប​​នេះ​លោក​ ប្រាក់ សុវណ្ណារ៉ា ធ្លាប់​ប្រើ​បាន​ជោគជ័យ ៣ លើក​មក​ហើយ​ក្នុង​ពាន​រង្វាន់​សម្រាប់​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​មួយ​នេះ ជា​ពិសេស​បាន​ប្រើ​ ពេល​ប៉ះ​ក្រុម​ខ្លាំងៗ​លំដាប់​ពាន​រង្វាន់ AFC Champion League របស់​វៀតណាម Becamix Binh Doung ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​លោក​ព្យាយាម​ការពារ​ហើយ​វាយ​បក​ដោយ​ប្រសិទ្ធភាព​ជា​លទ្ធផល​បឹងកេតអង្គរ ឈ្នះ​៣​ទល់​នឹង២។

 

សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ បឹងកេតអង្គរ នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក Toyota Cup របស់​ថៃ​គឺ​ក្រុម Buriram United ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Suphachalasai National Stadium ក្នុង​ទីក្រុង​បាងកក​នា​ថ្ងៃ​ទី អាទិត្យ ទី ២០ ខែ ធ្នូ  ឆ្នាំ២០១៥  វេលា​ម៉ោង ៧​នាទី​ល្ងាច។

 

សូម​បញ្ជាក់​ថា​ពាន​រង្វាន់ TMCC 2015 បែងចែក​ការ​ប្រកួត​ជា ៣ វគ្គ​សំខាន់ៗ ដោយ​តម្រូវ​ឱ្យ​ក្រុម​ជើង​ខ្លាំង​ពី​ប្រទេស​កម្ពុជា គឺ​បឹងកេតអង្គរ ក្រុម​ជើង​ខ្លាំង​ពី​ប្រទេស​ឡាវ គឺ Lao Toyota FC និង​ក្រុម​ជើង​ខ្លាំង​ពី​ប្រទេស​មីយ៉ាន់ម៉ា គឺ Yangon United ប្រកួត​គ្នា​វិល​ជុំ​ស្វែង​រក​អ្នក​​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ ​ឡើង​ទៅ​ប្រកួត​ជុំ​ទី២។ ជា​លទ្ធផល​បឹងកេតអង្គរ រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​​ចំនួន ៦ ពិន្ទុ ក្រោយ​ឈ្នះ Lao Toyota FC ចំនួន ២ ទល់ ០ និង​ឈ្នះ Yangon United ដោយ​ពិន្ទុ ៣ ទល់ ០។ ជុំ​ទី២ អាច​ហៅ​ថា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​ Becamex Binh Duong FC ជើង​ឯក​លីក​កំពូល​វៀតណាម និង​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​រង់ចាំ​ជា​ស្រេច។ ជា​លទ្ធផល​បឹងកេតអង្គរ របស់​កម្ពុជា បន្ត​ឈ្នះ​ទៀត​​ដោយ​លទ្ធផល ៣ ទល់ ២។ ចំណែក​វគ្គ​ទី៣ អាច​ហៅ​ថា​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម Buriram United របស់​ថៃ រង់ចាំ​បឹងកេតអង្គរ ដែល​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​វគ្គ​នេះ​ជា​ស្រេច។

 

ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង​ពាន​រង្វាន់​នេះ​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​ចំនួន ៧៥០០០ ដុល្លារ​អាមេរិក ជើង​ឯក​រង ៥ ម៉ឺន​ដុល្លារ ក្រុម​លេខ៣ ទទួល​បាន ៣ ម៉ឺន​ដុល្លារ ក្រុម​លេខ ៤ បាន ១ ម៉ឺន​ដុល្លារ និង ក្រុម​លេខ ៥ ទទួល​បាន ៥ ពាន់​ដុល្លា។ ក្នុង​នោះ​ក៏​មាន​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​លេង​ល្អ​ប្រចាំ​ពាន​រង្វាន់​ដែរ ដោយ​មាន​ចំនួន ៣ ពាន់​ដុល្លារ៕