លោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើស​កីឡាករ Cambodian All Star ក្នុង​បញ្ជី​៣០ នាក់​រួច​ហើយ

By |

លោក ប្រាក់ សុវណ្ណារ៉ា ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​គ្រូ​ល្អ​ប្រចាំ​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា របស់​ក្រុម​បឹងកេតអង្គរ មាន​នាទី​ដឹកនាំ​ក្រុម Cambodian All Star ចូលរូម​ប្រកួត​​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប​យក្ស​របស់​ថៃ Muang​ Thong United FC និង Buriram United នៅ​ខែ​មករា ឆ្នាំ ២០១៦ ខាង​មុខ។

លោក​គ្រូ​បង្វឹក​ខាង​លើ​បាន​ប្រាប់​ថា៖ «ថ្មីៗនេះ​ខ្ញុំ​បាន​ជ្រើសរើស​កីឡាករ​ចំនួន ៣០ នាក់​ក្នុង​បញ្ជី​​ហើយ​ផ្ញើ​ឱ្យ​សហព័ន្ធ​រួចរាល់​ហើយ ដោយ​ក្នុង​នោះ​មាន​កីឡាករ​បរទេស​ប្រមាណ​ជា ៨ នាក់។ យើង​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជុំ​គ្នា​នៅ​ថ្ងៃ​ទី ១១ ខែ មករា តទៅ»។

ដំណាល​គ្នា​នោះ​ដែរ​លោក ប្រាក់ សុវណ្ណារ៉ា មាន​បញ្ហា​ត្រង់​កីឡាករ​មួយ​ចំនួន ព្រោះ​ថា​​មាន​ខ្លះ​បាន​ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ចាស់​របស់​ខ្លួន​ហើយ​​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ឬ ទៅ​ប្រទេស​កំណើត​​បាត់ ស្រប​ពេល​ដែល​ក្រុម​នីមួយៗ​កំពុង​តែ​សម្រាក​អំឡុង​ពេល​លីក​ទើប​តែ​បញ្ចប់ ជា​ហេតុ​​​ធ្វើ​ឱ្យ​លោក​ពិបាក​សម្រេច​​ចិត្ត​​តើ​គួរ​​ចុះ​ឈ្មោះ​ពូក​គេ​ក្នុង​បញ្ជី​ឬ​អត់។

ទោះបីជា​លោក​មិន​បាន​បង្ហើយ​ឱ្យ​ដឹង​ពី​ឈ្មោះ​កីឡាករ​ទាំង​អស់​​យ៉ាង​ណា​ក៏​ដោយ តែ​គ្រូ​បង្វឹក​រូប​នេះ​​នឹង​ឆ្នៃ​ដឹកនាំ​ក្រុម​​តាម​ស្ថានភាព​ជាក់​ស្ដែង ពោល​គឺ​តាម​លទ្ធភាព​ដែល​នៅ​កីឡាករ​នៅ​សល់។

តាម​គម្រោង​ក្លិប​បាល់ទាត់ Muang​ Thong United FC នឹង​ប្រកួត​ជាមួយ​ក្រុម​ Cambodia All Star នៅ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០១៦ ខណៈ​ក្រុម​ Buriram United នឹង​មក​ប្រកួត​មិត្តភាព​ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ទី ២៣ ខែ មករា ឆ្នាំ ២០១៥។ ប្រកួត​ទាំង​២​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​​សំបុត្រ​នឹង​ផ្ដល់​ទៅ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ឆា៕