ក្រុម ក-១២ ​ជាប់​លេខ៣ ពានរង្វាន់ Soccer League ក្រោយ​ឈ្នះ​សម្ព័ន្ធ គ.ស.ន.ប.ក​

By |

ក្រុម​បាល់ទាត់​យុវជន​ក-១២ ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ពាន​រង្វាន់ Soccer League 2015 ក្រោយ​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ក្រុម​សម្ព័ន្ធ គ.ស.ន.ប.ក ដោយ​លទ្ធផល​ ២-០ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ម្សិលមិញ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម ក-១២ ដែល​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ពាន​រង្វាន់ Soccer League 2015 នេះ​នឹង​ទទួល​បាន​​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង អម​ដោយ​ថវិកា ចំនួន​ ៥ លាន​រៀល​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ថែម​ទៀត​ផង។

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ក្នុង​ពាន​រង្វាន់​នេះ​រវាង​​ក្រុម​អាណាចក្រ​បៃតង ប្រកួត​ជាមួយ​​ក្រុម​យុវជន​វ៉ិចតូរីអែហ្វស៊ី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​ ៤ នាទី​ល្ងាច។

ពាន​រង្វាន់ Soccer League 2015 នឹង​​ផ្ដល់​​ពាន​១ មេដាយ​មាស​២៥​គ្រឿង និង​ទឹក​ប្រាក់ ១០​លាន​រៀល ដល់​ក្រុម​ជើង​ឯក ហើយ​ក្រុម​ជើង​ឯក​រង នឹង​​ទទួល​បាន​មេដាយ​ប្រាក់​២៥​គ្រឿង ​និង​ទឹក​ប្រាក់​៧​លាន​រៀល និង​ក្រុម​លេខ៣ ​នឹង​ទទួល​បាន​មេដាយ​សំរឹទ្ធ​២៥​គ្រឿង ​និង​ទឹក​ប្រាក់ ៥​លាន​រៀល។ ក្នុង​នោះ​ដែរ​​សម្រាប់​ក្រុម​លេង Fair Play ​ទទួល​បាន​ទឹក​ប្រាក់ ១​លាន​រៀល ហើយ​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ទទួល​បាន​ប្រាក់ ១​លាន​រៀល ​អ្នក​ចាំ​ទី​ល្អ​ជាង​គេ ​ទទួល​បាន​ប្រាក់​១​លាន​រៀល និង​អាជ្ញា​កណ្ដាល ដឹក​នាំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​១​លាន​រៀល។

​ពាន​រង្វាន់ Soccer League 2015 ​ជុំ​ទី២​នេះ​មាន​​ចំនួន ៣២ ក្រុម​ដោយ​បែង​ចែក​​ជា ៨​ពូល ក្នុង​មួយ​ពូល​មាន​៤​ក្រុម ដើម្បី​ប្រកួត​ជម្រុះ រក​ក្រុម​មាន​ពិន្ទុ​ច្រើន​ ជាង​គេ​ក្នុង​ពូល​នីមួយៗ ឡើង​ទៅ​លេង​វគ្គ​បន្ដ។ ​វគ្គ​៣២ ក្រុម​​ចុង​ក្រោយ​នេះ​​​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី ២១ វិច្ឆិកា ដល់ ២៦ ខែ​ធ្នូ ឆ្នាំ ២០១៥៕