គ្រូ​បង្វឹក​ក្រុម​អាណាចក្របៃតង៖ «យើង​លើក​​​ពាន​ Soccer League ដោយ​សារ​សាមគ្គីភាព»

By |

ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ Soccer League លើក​ទី​៣​ ឆ្នាំ​២០១៥​ បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​បាល់ទាត់​អាណាចក្រ​បៃតង បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ ក្រោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម​បាល់ទាត់​វិចតូរីអែហ្វស៊ី ដោយ​លទ្ធផល​បច្ចេកទេស​ ១​ ទល់​ ០។

ក្រោយ​ទទួល​ជ័យជំនះ​លោក​ ភា​ សុភ័ត្រា  គ្រូ​បង្វឹក​របស់​ក្រុម​អាណាចក្រ​បៃតង​បាន​លើក​ឡើង​ជុំវិញ​ពានរង្វាន់​នេះ​ថា៖​«នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ​សម្រាប់​មហាជន​នានា​ ជា​ពិសេស​គឺ​យុវជន​បាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទោះបី​ជា​វា​មិនមែន​ជា​ការ​ប្រកួត​លក្ខណះ​អាជីព​ក៏​ដោយ​ ប៉ុន្តែ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​អោយ​តម្លៃ​ទៅ​លើ​ពានរង្វាន់​នេះ​ បាន​សេចក្ដី​ថា​បើ​ក្រុ​ម​ទាំង​អស់​អោយ​តម្លៃ​ទៅ​លើ​ពាន​ នោះ​ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ ទាំង​ការ​ហ្វឹកហាត់​ ទាំង​ការ​រៀបចំ​ក្រុម​ និង​ប្រកួត​អោយ​អស់​ពី​លទ្ធភាព​​ បើ​សិន​ជា​គាត់​មិន​អោយ​តម្លៃ​ទៅ​លើ​ពាន​នោះ​បាន​សេចក្ដី​ថា​ពួក​គាត់​គ្រាន់​តែ​ចូលរួម​តែ​ប៉ុណ្ណោះ»។

មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក្រុម​អាណាចក្រ​បៃតង ជា​ជើង​ខ្លាំង​មកពី​ពូ​ល ជ ហើយ​បាន​យកឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ក្រសួងមហាផ្ទៃ ដោយ​លទ្ធផល ៣ ទល់ ២ ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​បាន​បន្ត​យកឈ្នះ​ក្រុម ហើយ​បាន​យកឈ្នះ​ក្រុម​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ ដោយ​លទ្ធផល ៦ ទល់ ១ ក្នុង​វគ្គ​១/៤ និង​យកឈ្នះ​ក្រុម​សម្ព័ន្ធ គ​.​ស​.​ន​.​ប​.​ក ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ៩ ទល់ ៨។

«ចំពោះ​ក្រុម​ខ្ញុំ​វិញ​គឺ​​មាន​ចំណុច​ខ្លាំង​ត្រង់​យើង​ចេះ​សាមគ្គីភាព។ ខ្ញុំ​ចំណាយ​ពេល​វេលា​សម្រាប់​ការងារ​ហ្វឹកហាត់​ រួម​ទាំង​លក្ខណៈ​បច្ចេកទេស​គឺ​ធ្វើ​ដូចជា​ក្លិប​បាល់ទាត់​អាជីព​អីចឹង​ មាន​ន័យ​ថា​យើង​មាន​ផែនការ​ប្រកួត​ត្រៀម​ (Pre Season)​ និង​ពេល​ចូល​ដល់​ការ​ប្រកួត​ជា​ផ្លូវការ​ គឺ​យើង​រៀបចំ​ទៅ​តាម​បែប​ផែន​បាល់ទាត់​ទាំង​អស់»។ លោក​ ភា​ សុភ័ត្រា​ បានបន្ថែម។

ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ក្រុម អាណាចក្រ​បៃតង ទទួល​បាន​ពាន​១ មេដាយមាស​២៥​គ្រឿង និង​ទឹកប្រាក់ ១០​លាន​រៀល ហើយ​ក្រុម​ជើងឯក​រង វិច​តូ​រីអែ​ហ្វ​ស៊ី ទទួលបាន​មេដាយប្រាក់​២៥​គ្រឿង និង​ទឹកប្រាក់​៧​លាន​រៀល និង​ក្រុម យុ​វជនក​-១២ លេខ​៣ យុ​វជនក​-១២ ទទួលបាន​មេដាយ​សំរឹទ្ធ​២៥​គ្រឿង និង​ទឹកប្រាក់ ៥​លាន​រៀល​។

បញ្ជាក់​ថា​ពានរង្វាន់ Soccer League បង្កើត​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​គោល​បំណង​ឱ្យ​មហាជន​ចូលរួម​ក្រៅ​ពី​​កីឡាករ​អាជីព។ ការ​ប្រកួត​បែងចែក​ជា២ វគ្គ សម្រាប់​វគ្គ​ទី២​នេះ​មាន​​ចំនួន ៣២ ក្រុម​ដោយ​បែង​ចែក​​ជា ៨​ពូល ក្នុង​មួយ​ពូល​មាន​៤​ក្រុម ដើម្បី​ប្រកួត​ជម្រុះ រក​ក្រុម​មាន​ពិន្ទុ​ច្រើន​ ជាង​គេ​ក្នុង​ពូល​នីមួយៗ ឡើង​ទៅ​លេង​វគ្គ​បន្ដ។ ​វគ្គ​៣២ ក្រុម​​ចុង​ក្រោយ​នេះ​​​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី ២១ វិច្ឆិកា ដល់ ២៦ ខែ​ធ្នូ ឆ្នាំ ២០១៥៕