ខ្សែ​ប្រយុទ្ធ​បឹងកេតអង្គរ​អង្គរ​ម្នាក់​ ទៅ​លេង​នៅ​លីក​លំដាប់​ទី២​របស់​ថៃ វិញ

By |

ខ្សែ​​ប្រយុទ្ធ Samuel Gbenga Ajayi របស់​បឹងកេតអង្គរ ក្នុង​លីក​កំពូល​កម្ពុជា បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​សារជាថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ជួយ​ក្រុមឱ្យ​ឈរ​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​លីក និង​ជា​ជើង​ឯក​រង​ក្នុង​ពាន​រង្វាន់ TOYOTA Mekong Club Championship 2015 កាល​ពី​ពេល​ថ្មីៗ។

 

យោង​តាម​សារព័ត៌មាន smmsport របស់​ថៃ​បាន​សរសេរ​ថា ក្លិប​ដែល Gbenga ចូលរួម​នោះ​គឺ Sukhothai FC ដែល​ស្ថិត​ក្នុង​លំដាប់ Division 1 របស់​ប្រទេស​ថៃ។ ប្រភព​បន្ថែម​ថា​កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា​ រូប​នេះ​នឹង​ត្រូវ​ជំនួស​កន្លែង​ខ្សែ​ប្រយុទ្ធ​  Filipe Ferreira ដែល​បាន​ផ្លាស់​ទៅ​លេង​អោយ​ក្រុមRoyal Navy FC កាល​ពី​ពេល​ថ្មីៗ។

 

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ពេល​មួយ​រដូវកាល​​ពេញ​ក្នុង​លីក​កំពូល​កម្ពុជា​ជាមួយ​ក្រុម​បឹងកេតអង្គរ ដោយ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ ចាន់ វឌ្ឍនាកា នៅ​តំបន់​ប្រយុទ្ធ ខណៈ​ខ្លួន​គេ​ផ្ទាល់​ក្រៅ​ពី​បញ្ជូន​បាល់​ឱ្យ​មិត្តរួម​ក្រុម​ទាត់​បញ្ជូល​ទី រូប​គេ​ក៏​រក​បាន​៨គ្រាប់​ម្នាក់​ឯង​ដែរ​ក្នុង​ចំណោម​២៦​ប្រកួត​កន្លង​មក។ ក្នុង​រដូវកាល ២០១៥ នេះ​ដែរ ក្រៅ​ពី​ជួយ​បឹងកេតអង្គរ ក្នុង​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា Gbanga ក៏​ជា​កម្លាំង​សំខាន់​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ Toyota Mekong Club Championship 2015 តាំង​ពី​វគ្គ​ជម្រុះ​បឋម​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​កីឡាករ​រូប​នេះ​​រក​គ្រាប់​បាល់​បាន ១ គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ ១៦ គ្រាប់​ពេញ​មួយ​ព្រឹត្តិការណ៍។

 

កីឡាករ Samuel Gbenga Ajayi ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប Niger Tornadoes ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​​ពី​ឆ្នាំ ២០០២ ដល់ ២០០៥ មុន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ចូលរួម​ជាមួយ​ក្លិប​ Phnom Penh Empire (ភ្នំពេញក្រោន បច្ចុប្បន្ន) ជំនាន់​លោក​ បែ មករា ជា​អ្នកចាត់ការទូទៅ​របស់​ក្លិប​មួយ​នេះ (អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេតអង្គរ​បច្ចុប្បន្ន)។

 

រួមរស់​ជាមួយ​​ជាមួយ​ក្លិប​របស់​កម្ពុជា បាន​២​រដូវកាល  Gbenga បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Bangkok Glass ក្នុង​លីក​កំពូល​របស់​ថៃ​ចាប់​ពី​ឆ្នាំ ២០០៨ ដល់ ២០១២ ហើយ​នៅ​រដូវកាល ២០១៣ គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Chonburi បន្ត​អាជីព​ក្នុង​លីក​កំពូល​ថៃ​នៅ​ទីនោះ មុន​ចេញ​ទៅ​កាន់​ក្លិប​ Samut Songkhram ក្នុង​លីក​លំដាប់​ទី២​របស់​ថៃ។ ចុង​ក្រោយ​គេ​បាន​ត្រឡប់​មក​រួមរស់​ជាមួយ​លោក បែ មករា ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ តែ​លើក​នេះ​ក្នុង​ក្រុម​បឹងកេតអង្គរ វិញ​ម្ដង៕