ជម្រើស​ជាតិ​ប្រកួត​កម្ដៅ​​សាច់​ដុំ​​ជាមួយ​​ក្រសួងការពារជាតិ មុន​ចេញ​ទៅ​បង់ក្លាដេស

By |

នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​០៧ ​ខែ​មករា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ៣:៣០ នាទី​ល្ងាច​ស្អែក​នេះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ធ្វើការ​ប្រកួត​កម្ដៅ​សាច់ដុំ​មួយ​ប្រកួត​ទៀត​ជាមួយ​នឹង​ក្លិប​បាល់ទាត់​ក្រសួង​ការពារជាតិ ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បង់ក្លាដេស​ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អន្តរជាតិ 2016 Bangabandhu Gold Cup ចុង​សប្ដាហ៍​នេះ។

 

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​​ដំបូង​ឡើយ​ក្រុម​លោក​ត្រៀម​ប្រកួត​ជាមួយ​ក្រុម Japan All Star (កីឡាករ​ជប៉ុន​លេង​នៅ​កម្ពុជា) ប៉ុន្ដែ​ក្រុម​មួយ​នេះ​ប្រមូល​សមាជិក​មិន​ទាន់​ក៏​ប្ដូរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​​ក្រសួងការពារជាតិ វិញ។

 

សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នេះ​ជា​ការ​ប្រកួត​ក្រៅ​ផ្លូវការ​​លើក​ទី២​នៅ​ដើម​ឆ្នាំ ២០១៦ បន្ទាប់​ពី​ប្រកួត​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ២០១៦​ កន្លង​ទៅ​ជាមួយ​ក្លិប​បាល់ទាត់​ស្វាយរៀងអែហ្វស៊ី​ ដោយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ១ ​ទល់ ០ នៅ​លើ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។

 

បញ្ជាក់ថា​ពាន​រង្វាន់​អន្តរជាតិ 2016 Bangabandhu Gold Cup ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៨ ដោយ​បែងចែក​ជា ២ ពូល ក្នុង​នោះ​កម្ពុជាស្ថិតនៅ​ពូល B ជាមួយ​ក្រុម U-23 បង់ក្លាដេស, ក្រុមបាល់ទាត់ជម្រើសជាតិ​បារ៉ែន (អាច​ជា U-23 បារ៉ែន) និងក្រុមបាល់ទាត់​ជម្រើស​ជាតិ​ម៉ាល់ឌីវ។

 

ចំណែក​ក្រុម​ក្រសួងការពារជាតិ​ ដឹកនាំ​ដោយ​លោក ទេព ឡុងរចនា ជា​គ្រូ​បង្គោល កំពុង​តែ​ត្រួត​ពិនិត្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​កីឡាករ​វ័យ​ក្មេង​និង​កីឡាករ​រៀមច្បង សម្រាប់​ត្រៀម​ចូលរួម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​តេជោ Hun Sen Cup ក៏​ដូចជា​ពិនិត្យ​មើល​កីឡាករ​បរទេស​មួយ​ចំនួន​ទៀត​ត្រៀម​ប្រកួត​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា រដូវកាល ២០១៦ ខាង​មុខ៕