លោក​ សាប៊ូន វិនតា ជា​នរណា​ទើប​លោក ប្រាក់ សុវណ្ណរ៉ា យក​ធ្វើ​ជា​ជំនួយការ​ក្នុង​ក្រុម Cambodian All Star?

By |

បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ Cambodian All Star ដើម្បី​ត្រៀម​ប្រកួត​​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​​ជើង​ខ្លាំង​២​ក្រុម​មក​ពី​លីក​កំពូល​របស់​ថៃ គេ​សង្កេត​ឃើញ​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​នេះ ជ្រើសរើស​យក​​គ្រូ​ជំនួយ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក សាប៊ូន វិនតា ខណៈ​ដែល​មហាជន​​មួយ​ចំនួន​មិន​សូវ​ស្គាល់​ពី​លោក​ច្បាស់។

We Are Football សូម​ណែនាំ​ពី​លោក សាប៊ូន វិនតា ត្រួសៗ​ជូន​ប្រិយមិត្ត​បាន​ជ្រាប​ដូចតទៅ ដោយ​លោក​បាន​ចូល​ខ្លួន​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ដំបូង​នៅ​ឆ្នាំ​២០០៩​ ក្នុង​ក្រុម​យុវជន​មួយ​នៅ​ទីក្រុង​ប៉ោយប៉ែត​មាន​ឈ្មោះ​ថា ️Victory Poipet FC រហូត​មក​ដល់​ឆ្នាំ​២០១៥​នេះ​ ដោយ​ជួយ​អោយ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​ចំនួន​២០​លើក​ផង​ដែរ​ រី​ឯ​ឆ្នាំ​២០១៣ ឯនោះ​វិញ​ លោក​ ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ជំរើស​ខេត្ត​បន្ទាយមានជ័យ​​ផ្នែក​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ក្លិប​អធិរាជភ្នំស្វាយ។  លើស​ពី​នេះ​ទៅ​ទៀត​កីឡាករ​ក្នុង​ក្រុម​របស់​លោក​២​នាក់ ពោល​គឺ ឃុន សេងថៃ និង ឱ ភារុន​ បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ក្នុង​ក្រុម​យុវជន​បឹងកេតអង្គរ​អាយុ​ក្រោម​១៨​ឆ្នាំ​ផង​ដែរ។

កាល​ពី​ពេល​ថ្មីៗ​លោក​​បាន​បញ្ចប់​វគ្គ​គ្រូ​បង្វឹក​​បាល់ទាត់​អាជ្ញាប័ណ្ណ B (AFC B Licence) ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ក្រោម​ការ​បង្ហាត់បង្ហាញ​ផ្ទាល់​ពី​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​ឧទ្ទេស​ផ្ទាល់​តែ​ម្ដង។ អាច​ថា​លោក​បាន​យល់​ពី​លោក ប្រាក់ សុវណ្ណារ៉ា បាន​ច្រើន​ព្រោះ​លោក​ធ្លាប់​ជា​កូន​សិស្ស​តាំង​ពី​កម្រិត​អាជ្ញាប័ណ្ឌ​គ្រូ​បង្វឹក​ D រហូត​ដល់ B។

បុរស​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រំដែន​កម្ពុជា-ថៃ រូប​នេះ​មាន​បំណង​ចង់​ក្លាយ​ជា​ គ្រូ​បង្វឹក​របស់​ក្លិប​បាល់ទាត់​ណាមួយ​​នៅ​ក្នុង​លីក​កំពូល​នាពេល​អនាគត។ លើស​ពី​នេះ​ទៅ​ទៀត​លោក​​មាន​ក្តី​ស្រម៉ៃ​ធំ​បំផុត​មួយ​គឺ​​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​តែងតាំង​លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​ឱ្យ​ធ្វើ​ជា​អ្នកចាត់ការទូទៅ​របស់​ក្រុម​ Cambodia All Star ខណៈ​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​​បង្វឹក​ហើយ​លោក សាប៊ូន វិនតា ជា​គ្រូ​ជំនួយ លោក ប្រាក់ វណ្ណី ជា​គ្រូ​អ្នកចាំទី លោក សុខ រដ្ឋា ជា​គ្រូ​ផ្នែក​សម្ភារៈ កញ្ញា Ayumi Kajito ជា​គ្រូ​ពេទ្យ​ប្រចាំ​ក្រុម។

ក្រុម Cambodia All Star នឹង​ប្រកួត​ជាមួយ​ក្លិប​បាល់ទាត់ Muang​ Thong United FC នៅ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០១៦ ខណៈ​​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ក្រុម​ Buriram United ជា​លក្ខណៈ​មិត្តភាព​ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ទី ២៣ ខែ មករា ឆ្នាំ ២០១៥។ ប្រកួត​ទាំង​២​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​២​សំខាន់ៗ គឺ​ទី១ ប្រាក់​ចំណេញ​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ផ្ដល់​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ឆា ហើយ​ទី២ គឺ​ជា​ការ​រឹតចំណង​​​មិត្តភាព​ការ​ទូត​លើក​ទី ៦៥ ឆ្នាំ​រវាង​កម្ពុជា​និង​ថៃ​ដែល​ជា​ប្រទេស​ក្បែរ​របង​គ្នា៕