ខ្សែ​បម្រើ Barry ទៅ​ស្នាក់​នៅ​ថៃ​បណ្ដោះអាសន្ន​​ក្រោយ​ចប់​កុងត្រា​ជាមួយ​ក្លិប​ណាហ្គាវើល

By |

កីឡាករបរទេសម្នាក់ទៀតហើយដែលអ្នកគាំទ្របាល់ទាត់កម្ពុជាភាគច្រើនធ្លាប់ឃើញរូបគេបង្ហាញខ្លួនក្នុងឋានៈជាខ្សែបម្រើប្រយុទ្ធនៃក្លិប​ណាហ្គាវើល នោះគឺ Alpha Oumar Lelouma Barry ពេលនេះបានបញ្ចប់កិច្ចសន្យាជាមួយក្លិប​របស់​ខ្លួន​ហើយ បន្ទាប់ពីរដូវកាល​២០១៥ចប់កាលពីថ្មីៗនេះ។

ភ្នាក់ងារសារពត៌មានរបស់វេបសាយ We Are Football ក៏ធ្វើការទាក់ទងទៅ Barry ដើម្បី​សុំ​ធ្វើការ​សម្ភាសន៍​ជុំវិញ​កុងត្រា​រវាង​គេ ជាមួយ​​នឹង​ក្លិបណាហ្គាវើល។ Barry ក៏បានបរិយាយថា៖«ពេលនេះកិច្ចសន្យារវាងខ្ញុំ និង​ក្លិប​គឺ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ណាហ្គាវើល មិន​បាន​​បន្ត​កុងត្រា​ជាមួយ​ខ្ញុំតទៅទៀតទេ​។ ដូចនេះខ្ញុំកំពុងស្វែងរកក្លិបថ្មី​ដើម្បីជ្រកកោនផងដែរ  ​ហើយ​ក៏​ពុំ​ទាន់​មាន​ក្លិប​ផ្សេងណាក្នុងលីកកំពូល​កម្ពុជា​ទាក់ទងមកខ្ញុំនោះដែរ។ ប្រសិនបើអាច​គឺខ្ញុំនឹងត្រឡប់មកកម្ពុជាសារជាថ្មីម្តងទៀត»។

គួរបញ្ជាក់ផងដែរថា ពេលនេះ Barry កំពុងតែស្នាក់នៅលើទឹកដីនៃប្រទេសថៃ ដើម្បីស្វែងរកក្លិបដែលខ្លាំង​ល្មមមួយ ដែល​អាច​ជួយ​ ឲ្យ​គេបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងនេះទៅទៀត ពីព្រោះសព្វថ្ងៃ Barry កំពុងតែសិក្សាស្វែង យល់ អំពីបាល់ទាត់នៅឡើយ ។

បើយើងត្រឡប់ទៅកាលពីខែមករា ឆ្នាំ២០១៤វិញ គ្រានោះគឺជាពេលដែល កីឡាកដែលមានដើមកំណើតមកពីប្រទេស Guinea (អាហ្រ្វិកខាង​លិច) បានមកដល់ប្រទេសកម្ពុជា ហើយ​គ្រា​នោះ​បាន​ចូលរួម​ជាមួយ​ក្លិប​ណាហ្គាវើល ក្រោយ​ក្រុម​គ្រូ​បង្វឹក​សម្លឹង​ឃើញ​សមត្ថភាព​របស់​គេ​អំឡុង​ពេល​ធ្វើ​តេស្ដ​សមត្ថភាព​នៅ​ប្រទេស​ថៃ។

Barry ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ប្រចាំ​ក្រុម​ណាហ្គាវើល នៅ​រដូវកាល​២០១៥ កន្លង​ទៅ​​ដោយ​រក​បាន ១៧ គ្រាប់​ម្នាក់​ឯង ហើយ​​គេ​ក៏​ជា​ផ្នែក​មួយ​បាន​ជួយ​ឱ្យ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ៕