ខេមបូឌានថាយហ្គឺរ​ នាំ​យក​អតីត​សមាជិក​ក្រុម​ River Plate នៅ​​ប៉ារ៉ាហ្គាយ មក​រួម​ក្រុម​

By |

បើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញនូវកាលវិភាគការប្រកួតសម្រាប់រដូវកាល២០១៦ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៩​ ខែកុម្ភៈ​​ ពោលគឺសប្តាហ៏ក្រោយនេះ​ ក្លិប​បាល់ទាត់​ទាំង​១០​ដែល​ជា​សមាជិក​នៅ​ក្នុងលីគ​បាន​ព្យាយាម​នាំចូល​កីឡាករ​ថ្មីៗ​ជាច្រើន​ ដែល​មានសុទ្ធសឹងជាកីឡាករក្នុងស្រុកផង​ និងកីឡាករបរទេសផង។

ជាក់ស្តែងក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរបានព្យាយាមស្វែងរកកីឡាករឆ្នើមមួយរូបមកជំនួសកីឡាករ​ Privat ដែល​ចាកចេញ​ទៅ​ក្លិបណាហ្គាវើល ហើយកាលពីពេលថ្មីៗកន្លងមក​ ក្លិប​ក៏​បាន​នាំ​ចូល​កីឡាករ​ជប៉ុន​មួយ​រូប​ដែល​ធ្លាប់​មាន​បទពិសោធន៏​លេង​នៅក្នុង​លីក​លំដាប់ទី២​របស់​ជប៉ុន​ គឺកីឡាករ Muramatsu។

លើសពីនេះទៅទៀតក្លិបបានបន្តកុងត្រាជាមួយកីឡាករជាច្រើន និង​នាំ​យក​កីឡាករ​ល្អៗ​ពី​ក្លិប​ខ្លាំង​មួយ​ចំនួន​ក្នុង​លីក​ជាមួយ​គ្នា បាន​មួយ​ចំនួនបន្ថែមទៀត ហើយកាលពីម្សិលមិញបើតាមប្រភពពីគេហទំព័រហ្វេសប៊ូក និង វិបសាយ  របស់​ក្លិប​ខេមបូឌានថាយហ្គឹរ បានចេញផ្សាយពីការនាំយកកីឡាករសញ្ជាតិជប៉ុនមួយរូបទៀត គឺកីឡាករ Sadakuni Tomoyuki ដែលលេងក្នុងទម្រង់ជាខ្សែប្រយុទ្ធ និងបម្រើ ក្នុង​កិច្ចសន្យា​មួយ​រដូវកាល។

គួរបព្ជាក់ថា Tomoyuki គឺជាកីឡាករជប៉ុនមួយរូបធ្លាប់លេងនៅក្លិបខ្លាំង River Plate របស់ប្រទេសប៉ារ៉ាហ្គាយ និង​ក្រោយ​មក​ទៀត​រូប​គេ​បាន​ផ្លាស់​មកក្លិប Sport Colombia ។ ក្នុងឆ្នាំ២០១២​ Tomoyuki បានផ្ទេរមកលេងនៅក្លិប Pattalung FC របស់​ប្រទេស​ថៃ មុនធ្វើដំណើរមកដល់ទឹកដីកម្ពុជាដែលបានចូលរួមជាមួយបៀលប្រាយយូណាយធីត។​ មុន​ពេល​ចូលរួម​ជាមួយ​ខេមបូឌានថាយហ្គឹរ Tomoyuki​ គឺជាកីឡាករមួយរូបដែលប្រកពអាជីពនៅក្លិបវេស្ទើនភ្នំពេញ។

ចាំមើលថា តើខេមបូឌានថាយហ្គឺរអាចស្វែងរកពិន្ទុដើម្បីគ្រងដំណែងជើងឯកលីករបស់កម្ពុជាក្នុងរដូវកាលថ្មីនេះបានដែរឬទេ ? ខណៈក្លិបធ្លាប់បានអះអាងកាលពីដើមរដូវកាល២០១៥ថា ក្នុងរយៈពេល៤ទៅ៥រដូវកាល នឹង​ឈ្នះ​ពាន​រង្វាន់លីគ​កំពូល​របស់​កម្ពុជា ឲ្យ​បាន៕