ណាហ្គាវើល ឬ ក្រសួងការពារជាតិ អាច​​ដណ្ដើម​បាន​៣ពិន្ទុ​ក្នងសប្តាហ៏ទី២នេះ?

By |

នៅថ្ងៃសៅរ៏ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ វេលាម៉ោង០៣:៣០នាទីរសៀល ក្រុម​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា​កាល​ពី​រដូវកាល​មុន​ ណាហ្គាវើលអែហ្វស៊ី នឹងត្រូវជួបប្រកួតជាមួយក្រុមឡើងកូដរដូវកាលថ្មីនេះគឺ ក្រសួង​ការពារ​ជាតិ ដែល​ហៅកាត់ថា ទ័ព លើទីលានពហុកីឡដ្ឋានជាតិ ក្នុងសប្តាហ៏ទី២នៃពានរង្វាន់លីគ​ រដូវកាល​២០១៦ ហើយ​ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​ជូន​ទស្សនា​ដោយ​ស្ថានីយទូរទស្សន៏ BTV News ផងដែរ។

 

*ពត៌មានអំពីក្រុមណាហ្គាវើល
បន្ទាប់ពីបានត្រឹមស្មើរជាមួយនឹងវេស្ទើនភ្នំពេញ ១-១ កាលពីសប្តាហ៏ទី១កន្លងទៅ ណាហ្គាវើល នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​ខ្លាំង​មួយ​ទៀតគឺក្រសួងការពារជាតិដើម្បីស្វែងរកពិន្ទុបន្ថែមប្រជែងជាមួយក្រុមដទៃទៀតក្នុងលីគជាមួយគ្នា។ លោក មាស ចាន់ណា ​ជាគ្រូបង្វឹកបានសម្តែងអារម្មណ៏មិនសប្បាយចិត្តនោះទេចំពោះលទ្ធផលកាលពីសប្តាហ៏ទី១កន្លងទៅ ដោយ​ហេតុ​ថា​ក្រុមរបស់លោកបានបើកការវាយសម្រុកជាច្រើនដង តែ​ពុំ​មាន​ឱកាស​អាច​ទំលុះ​សំណាញ់​ទី​របស់​ក្លិប​វេស្ទើនភ្នំពេញ បាន។ យ៉ាងណាមិញលោកនឹងព្យាយាមកែសម្រួលទម្រង់លេងរបស់កីឡាករដើម្បីមានប្រសិទ្ធភាពសម្រាប់ប្រកួតក្រោយៗ។ គេ​សង្កេតឃើញថា ណាហ្គាវើលក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បានផ្លាស់ប្តូរកីឡាករជាច្រើន ទាំង​កីឡាករ​បរទេស​និង​កីឡាករ​ខ្មែរ ដើម្បី​ត្រៀម​រដូវកាល​ថ្មី នេះ ។ ចាំមើលទាំងអស់គ្នាថា តើការផ្លាស់ប្តូរទម្រង់លេងរបស់ណាហ្គាវើល អាច​យក​៣ពិន្ទុពីក្រសួងការពារជាតិបានដែរឬយ៉ាងណា?

 

*កីឡាករដែលគួរឲ្យចាប់អារម្មណ៏
ខ្សែប្រយុទ្ធ Privat និង Omokafe គឺជាដៃគូរដ៏ល្អបន្ទាប់ពីផ្ទេមកក្លិបណាហ្គាវើល ហើយកាលពីប្រកួតកន្លងទៅ ពួក​គេ​គឺ​បាន​សហការ​គ្នាស្វែងរកគ្រាប់បាល់តាមស្មើរ១ទល់នឹង១ជាមួយវេស្ទើនភ្នំពេញថែមទៀតផង។

 
*០៤ប្រកួតចុងក្រោយរបស់ក្លិបណាហ្គាវើល

រាប់​ទាំងការប្រកួតមិត្តភាពកម្តៅសាច់ដុំ និងការប្រកួតលីគ ៤ ប្រកួត​ចុង​ក្រោយ​ក្រុម​ណាហ្គាវើល ឈ្នះ​២​លើក​ស្មើ ១ និង​ចាញ់​១​លើក៖
–​​ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៦៖ ណាហ្គាវើល ១-១ វេស្ទើនភ្នំពេញ
– ថ្ងៃទី ០៥ ខែ កុម្ភ ឆ្នាំ២០១៦៖ ក្រសួងការពារជាតិ ០-១ ណាហ្គាវើល
– ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៦៖ ស្វាយរៀងព្រះខ័នរាជ ៤-១ ណាហ្គាវើល
– ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៦៖ ណាហ្គាវើល ២-១ ក្រសួងការពារជាតិ

 

*ពត៌មានអំពីក្រុមក្រសួងការពារជាតិ
ក្រសួងការពារជាតិហាក់បីដូចជារៀបចំខ្លួនបានល្អសម្រាប់រដូវកាលថ្មី២០១៦នេះ បន្ទាប់ពីយកឈ្នះអគ្គស្នងការដ្ឋាននគរ​បាលជាតិ ដល់ទៅ៤ទល់នឹង១ កាលពីសប្តាហ៏ទី១កន្លងទៅ។ លោក ទេព ឡុងរចនា គ្រូ​បង្វឹក​របស់​ក្លិប​ក្រសួងការពារជាតិ បាន​សម្តែង​អារម្មណ៍​រំភើប​ក្រោយ​ចប់ការប្រកួត ហើយសរសើរដល់កូនក្រុមរបស់ខ្លួនដែលប្រើប្រាស់អារម្មណ៏បានល្អ និង​ព្យាយាម​ស្វែង​រក​គ្រាប់​ស៊ុតបានជាច្រើនគ្រាប់។ កីឡាករ ភួង សុខសាណា ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​គឺ​ជា​កីឡាករ​ដែល​ល្អ​ក្នុង​ការ​ប្រកួត​គ្រានោះ​ ស្របពេលដែលរូបគេបានប្តូរទម្រង់ក្លាយមកជាខ្សែប្រយុទ្ធ ដោយស៊ុតបាល់បញ្ចូលទីបានចំនួន០២​គ្រាប់​ម្នាក់ឯង។ តើក្រសួងការពារជាតិអាចបន្តទម្លុះសំណាញ់ការពាររបស់ណាហ្គាវើលដើម្បីបន្តជ័យជម្នះបានដែរទេ?

 
*កីឡាករគួរឲ្យចាប់អារម្មណ៏
ខ្សែប្រយុទ្ធភួង សុខសាណា ខ្សែប្រយុទ្ធ Choe Myong Ho ខ្សែបម្រើឈិន ឈឿន សុទ្ធ​សឹង​តែ​ជា​តួ​ឯក​ប្រចាំ​ក្លិប​ក្រសួង​ការពារជាតិ​ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អកាលពីប្រកួតដំបូង។

 
*០៤ប្រកួតចុងក្រោយរបស់ក្លិបក្រសួងការពារជាតិ

សរុប​ទាំងការប្រកួតមិត្តភាពកម្តៅសាច់ដុំ និងការប្រកួតលីគ ៤ ប្រកួត​ចុង​ក្រោយ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​២​លើក​និង​ចាញ់​២លើក៖
– ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៦៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-៤ ក្រសួងការពារជាតិ
– ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៦៖ ព្រះខ័នរាជស្វាយរៀង ៣-២ ក្រសួងការពារជាតិ
– ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៦៖ ក្រសួងការពារជាតិ ៤-២ អាស៊ីអឺរ៉ុបយូណាយធីត
– ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៦៖ ក្រសួងការពារជាតិ ០-១ ណាហ្គាវើល

 

*ប្រវត្តិធ្លាប់ជួបគ្នារបស់ក្រុមទាំងពីរ

សរុប​ប្រវត្តិ​២​រដូវកាល​ចុង​ក្រោយ​ក្រុម​ណាហ្គាវើល​ធ្លាប់​ឈ្នះ ៣ លើក​​និង​ក្រុម​ក្រសួងការពារជាតិ ១ លើក៖
– ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥៖ ក្រសួងការពារជាតិ ០-២ ណាហ្គាវើល
– ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥៖ ណាហ្គាវើល ២-១ ក្រសួងការពារជាតិ
– ថ្ងៃទី ១៨ ខែឧសភាព​ ឆ្នាំ២០១៤៖ ណាហ្គាវើល ១-២ ក្រសួងការពារជាតិ
– ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤៖ ណាហ្គាវើល ៣-០ ក្រសួងការពារជាតិ