ស៊ីម៉ាក់ គ្រោង​នាំចូល​កីឡាករ​ថ្មី​ដើម្បី​ត្រៀម​លេង​ពានរង្វាន់​ សម្តេច ហ៊ុន សែន

By |

លោក កែវ សារិន គ្រូជំនួយនៃក្លិបបាល់ទាត់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (សីុម៉ាក់) បាន​បង្ហើប​ប្រាប់​អ្នក​សារពត៌មាន​ក្នុង​កិច្ចសម្ភាសន៍​ក្រោយ​ចប់ការ​ប្រកួត​ជាមួយ ក្លិបបាល់ទាត់អាសីុអឺរ៉ុបយូណាយធីត កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយ​នឹង​លទ្ធផល ១ ទល់ ៥ ដែលជាជ័យជំនះលើកដំបូងរបស់ក្លិបសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា ថាក្លិបរបស់លោកនឹងមានគម្រោងនាំយកកីឡាករថ្មីៗបន្ថែមទៀតដើម្បីត្រៀមលេងពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ។

ជំនួយការគ្រូបង្វឹករូបនេះបានបន្តថា៖ “ក្លិបខ្ញុំមានគម្រោងនាំយកកីឡាករថ្មីប្រហែល ១០ រូប​បន្ថែម​ទៀត​បើសិន​ជា​ក្លិប​មាន​លទ្ធភាព​ ហើយ​កីឡាករ​ដែលក្លិបគ្រោងនាំចូលគឺផ្ដោតសំខាន់ទៅលើយុវជនខ្មែរជាពិសេស ដើម្បី​អោយ​ពួក​គេ​ចូល​រួម​លេង​កីឡា​អោយបានច្រើនទាំងអស់គ្នា និងបើសិនជាពួកគេអាចលេងបានខ្ញុំនឹងយកពួកគេចូលរួមជាក់ជាមិនខាន”។

គួរបញ្ចាក់ថា សម្រាប់ការប្រកួតដណ្ដើមពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ​ជម្រុះ​ជុំ​ផ្ដាច់ព្រ័ត្រ​​ឆ្នាំ ២០១៦ នេះ ក្លិប​បាល់ទាត់​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយនឹង ក្លិបភ្នំពេញក្រោន រួមទាំងក្លិបវេស្ទើនភ្នំពេញ និង​កំពុង​រង់ចាំ​ក្រុម​ចំនួន ៣ ទៀតដែលកំពុងប្រកួតនៅក្នុងវគ្គជម្រុះបឋម ដោយត្រូវរង់ចាំក្រុមលេខ ១ ពូល A, លេខ ២ ពូល D និងលេខ ២ ពូល E (ខេត្តកំពត ជាក្រុមឈរនៅលេខ ២ ពូល E) ហើយការប្រកួតវគ្គជម្រុះជុំផ្ដាច់ព្រ័ត្រនឹងចាប់​ពី​ថ្ងៃ​ទី៣០ ខែមីនា រហូតដល់​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ ២០១៦៕