ក្រោយពីដឹកនាំក្រុមបាល់ទាត់ដែលចម្រាញ់យកកីឡាករល្អៗពីក្លិបខ្លាំងៗនៃលីគកំពូលកម្ពុជា Cambodia All Stars ឈ្នះលើការប្រកួតមិត្តភាព៣ប្រកួតជាប់ៗគ្នា លោកប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកបង្គោល ដែលត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពី មោទនភាពរបស់ខ្លួន និងរីករាយដឹកនាំជាបន្តប្រសិនបើសហព័ន្ធទុកចិត្តលើរូបលោកនៅកម្មវិធីនេះលើកក្រោយៗទៀត។
ថ្លែងនៅក្នុងបទសម្ភាសន៏ជាមួយភ្នាក់ងារសារពត៌មាន We Are Football គ្រូបង្វឹករបស់ក្លិបបាល់ទាត់បឹងកេតអង្គរអែហ្វស៊ីរូបនេះបានបង្ហាញចំណាប់អារម្មណ៏ជុំវិញការដឹកនាំក្រុម Cambodia All Stars ចំនួន៣ប្រកួតកន្លងមកនេះថា៖ «ខ្ញុំគឺពិតជាមានមោទនភាពខ្លាំងណាស់ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្តល់ឱកាសដ៏អស្ចារ្យនេះមកឲ្យខ្ញុំ ដើម្បីបានដឹកនាំក្រុមមួយដែលសំបូរទៅដោយកិឡាករខ្លាំងៗទាំង កីឡាករក្នុងស្រុក និងកីឡាករបរទេស»។
ជុំវិញសំនួរដែលបានសួរថា៖ «តើលោកគ្រូ មានគំនិតបែបណាដែរ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចជ្រើសរើសលោកគ្រូជាតួអង្គក្នុងកិច្ចដឹកនាំក្រុម Cambodia All Stars នៅក្នុងកម្មវិធីក្រោយៗទៀត»? គ្រូបង្វឹកដែលកាន់អជ្ញាប័ណ្ឌកម្រិត AFC A License រូបនេះបានឆ្លើយថា ៖ «គ្រប់យ៉ាងគឺស្ថិតនៅលើការសម្រេចរបស់ថ្នាក់ដឹកនាំ ដែលប្រៀបបីដូចជាអ្នកមានគុណរបស់យើង ខ្ញុំនឹងគោរពតាមការសម្រេចចិត្តរបស់សហព័ន្ធ ហើយពួកយើងនឹងព្យាយាមជជែកពិភាក្សាបន្តទៀតចំពោះរឿងនេះ»។
ដូចដែលលោកធ្លាប់បានផ្តល់កិច្ចសម្ភាសន៏ជូនសារពត៌មានរបស់យើងផងដែរនោះ បើនិយាយពីការដឹកនាំក្រុម Cambodia All Stars គឺពិតជាមានភាពងាយស្រួលជាងដឹកនាំក្លិប ពីព្រោះថាកីឡាករទាំងអស់សុទ្ធសឹងមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដូច្នេះការប្តូរចេញ ប្តូរចូល គឺទម្រង់លេងនៅតែមិនមានការប្រែប្រួលខ្លាំងនោះឡើយ វាខុសប្លែកពីកីឡាករដែលនៅក្នុងក្លិប ដែលសមត្ថភាពកីឡាករ១១នាក់ដំបូង គឺមានកម្រិតល្អជាងកីឡាករបម្រុងខ្លះដែលយើងពិបាកក្នុងការផ្លាស់ប្តូរ។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ប្រាក់សុវណ្ណារ៉ា Cambodia All Stars បានប្រកួតឈ្នះ៣ប្រកួតជាប់ៗគ្នា នៅក្នុងទឹកដីរបស់ខ្លួន ដោយបំបាក់ក្រុមជើងឯករងនៃលីគកំពូលរបស់ប្រទេសថៃ Muangthong United ៤ទល់នឹង៣ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ និងប្រកួតស្មើរជាមួយក្រុមជើងឯកលីគកំពូលរបស់ប្រទេសថៃ Buriram United ២ទល់នឹង២ ( ប៉ុន្តែឈ្នះ ៥ទល់នឹង៤ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ហើយកាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ បានបំបាក់ក្រុម Lao All Stars ៣ទល់នឹង២ ផងដែរ។
តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៏យ៉ាងណាដែរចំពោះការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា?