ទីលាន​ស្មៅ​សិប្បនិមិត្តនៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់​ទាត់​ជាតិ​ចាប់ផ្ដើម​ដំណើរ​ការ​សាងសង់​ហើយ

By |

កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី ១០ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថានឹងមានគម្រោងសាងសង់ទីលានបាល់ទាត់ស្មៅសប្បនិមិត្តស្ដង់ដាមួយនៅសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។ ពេលនេះគម្រោងសាងសង់បានចាប់ដំណើរការហើយ នេះបើយោងតាមប្រភពពីមន្រ្តីរបស់សហព័ន្ធផ្ទាល់។

 

បច្ចុប្បន្នទីលានស្មៅសិប្បនិមិត្តនេះចាប់ផ្ដើមដំណើរការឈូសឆាយនៅលើទីលាន ១ ក្នុងចំណោមទីលានទាំង ៤ នៃមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ខេត្តតាកែវ ដែលជាគម្រោងរបស់ FIFA Goal Project 6។ ទោះយ៉ាងណាមន្រ្តីរូបនោះមិនបានបង្ហើបពីរយៈពេលនៃការសាងសង់ទីលាននេះត្រូវចំណាយពេលប៉ុន្មានខែនោះទេ។

 

បើយោងតាមការពិភាក្សានៅក្នុងមហាសន្និបាតកន្លងទៅ ក្រៅពីសាងសង់ទីលានស្មៅសិប្បនិម្មិត នៅក្នុងគម្រោងនេះក៏មានសាងសង់ភ្លើងបំភ្លឺពេលយប់ ក៏ដូចជាកន្លែងអង្គុយទស្សនាផងដែរ។

 

បញ្ជាក់ថាកន្លងមក FIFA បានសម្រេចគម្រោងចំនួន ៥ លើករួចមកហើយ ដោយមានគម្រោងខ្លះធ្វើនៅមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិភូមិចែងមែង ហើយខ្លះទៀតធ្វើនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងកាលពីឆ្នាំ២០១៥ កន្លងទៅជួសជុលដាក់ស្មៅសិប្បនិម្មិតនៅពហុកីឡដ្ឋានជាតិ៕