Sam Schweingruber៖ ខ្សែ​ប្រយុទ្ធ Booysen Shane ទំនង​​អវត្តមាន​​ពេញ​១​រដូវកាល​២០១៦

By |

កីឡាករខ្សែបម្រើប្រយុទ្ធនៃក្លិបបាល់ទាត់ភ្នំពេញក្រោន Booysen Shane នឹងមិនមានវត្តមាននៅលើទីលានសម្រាប់រដូវកាល ២០១៦ នេះឡើយ នេះ​បើ​តាម​ការ​បញ្ជាក់អោយដឹងពីលោក Sam Schweingruber គ្រូបង្វឹកនៃក្លិបបាល់ទាត់ភ្នំពេញក្រោនផ្ទាល់។

លោក Sam Schweingruber បានលើកឡើងថា៖ “ឆ្នាំ ២០១៦ យើងប្រហែលនឹងមិនអាចឃើញវត្តមានរបស់ Booysen ឡើយ។ យើង​មាន​អារម្មណ៍​ថា​សោកស្ដាយ​មែនទែន។ Booysen គេទើបតែវះកាត់ជង្គង់កាលពីសប្ដាហ៍មុន ជាធម្មតាគេត្រូវការសម្រាករយៈពេលពី ៦ ទៅ ៩ ខែ​ទើប​អាច​ចូល​ហ្វឹកហាត់​​វិញបាន និងបើសិនជាគេធ្វើការថែខ្លួនបានល្អយ៉ាងតិច ៦ ខែគេនឹងចូលមកកាន់ទីលានវិញបាន”។

បញ្ជាក់ថា Booysen Shane បានទទួលរងរបួសជង្គង់កាលពីជំនួបជាមួយនឹងក្លិបបាល់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ នៅក្នុងជំនួបសប្ដាហ៍ទី ២ នៃពានរង្វាន់លីគកំពូលកម្ពុជា ដោយនៅពេលនោះ Booysen ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​ក្រោយ​បង្ហាញ​ខ្លួន​បាន​ប្រហែល​ ២ នាទីប៉ុណ្ណោះ ក្រោយប៉ះទង្គិចដោយខ្លួនឯង៕