សម្ដី​លោក មាស ចាន់ណា ​ក្រោយ​ណាហ្គាវើល​ រក​បាន​៣​ពិន្ទុ​ តែ​​ត្រូវ​របួស​កីឡាករ​ឆ្នើម​មួយ​រូប

By |

ក្រុមបាល់ទាត់ណាហ្គាវើលបានយកឈ្នះក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ៣ទល់នឹង១ ក្នុងសប្តាហ៏ទី៦ នៃ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៦ ជុំទី១ កាលពីល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៦ តែ​គ្រូ​បង្វឹក​របស់​ណាហ្គាវើល ថា​មិនពេញចិត្តជាមួយ នឹងទម្រង់ខាងស៊ីម៉ាក់

 

បើសង្កេតមើលទៅលើលទ្ធផលគឺណាហ្គាវើលទទួលបាន៣ពិន្ទុពីការប្រកួតនេះរួចទៅហើយ តែ​បើ​សង្កេត​ទៅ​មើល​ទម្រង់​លេង​របស់​ក្រុមទាំងសងខាងវិញ វាហាក់បីដូចជាមានការ​ប៉ះទង្គិចគ្នាច្រើន ដែល​បណ្តាល​ឲ្យ​កីឡាករ​មួយ​រូប​របស់​ណាហ្គាវើល របួស​នា​ប៉ុន្មានប្រហែល១០ នាទីដំបូង ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរូបគេ (កីឡាករ គួច សុកុម្ភៈ) បាន​​លោត ដណ្តើមបាល់ជាមួយអ្នកចាំទីរបស់ស៊ីម៉ាក់ ហើយធ្លាក់ចុះមកវិញបណ្តាលឲ្យភ្លាត់ជើងឆ្វេង។

 

គ្រូបង្វឹករបស់ក្លិបណាហ្គាវើលលោក មាស ចាន់ណា បានបង្ហាញចំណាប់អារម្មណ៏របស់ខ្លួន​ក្រោយចប់ការប្រកួតថាលោក​ពេញ​​ចិត្ត​ជាមួយ​នឹងលទ្ធផលដែលបាន៣ពិន្ទុពីជ័យជម្នះនេះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​ក្រឡែក​ទៅ​មើល​នៅ​លើ​ទីលាន​អំឡុង​កាល​ប្រកួត​​វិញ វាជាការប្រកួតមួយដ៏ អាក្រក់។ លោកបានបន្តថា ” ជាកីឡាករល្អមួយរូប គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព​ល្អ​របស់​ខ្លួន​ឯង​ផង​ លេង​មិនឲ្យគូរប្រកួតមានរបួសផង នេះទើបជាកីឡាករល្អ ” ។

 

MCL2016_CMAC_VS_NAGA_WEEK6_2

 

លើសពីនេះទៅទៀតគ្រូបង្វឹករូបនេះបានសង្កត់ធ្ងន់ថា លោកព្យាយាមរំងាប់អារម្មណ៏កូនក្រុម​របស់​លោក​ខ្លាំង​មែនទែន​ដើម្បី​កុំ​ឲ្យ​មាន​ពិន័យ​កាត ពីព្រោះលោកសង្កេតឃើញគូរប្រកួតកំពុងលេង​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​ហើយ ដូច្នេះ​ក្នុង​នាម​ជា​គ្រូ​លោក​ត្រូវ​រំងាប់​អារម្មណ៏​កីឡាករ​លើ​ទីលាន។ មកទល់នឹងពេលនេះ ណាហ្គាវើលបានខាតបង់កីឡាករឆ្នើមពីររូបហើយ គឺកីឡាករ ឃឹម បូរី និងកីឡាករ គួច សុកុម្ភៈ ហើយបានក្លាយជាបញ្ហាចោទដ៏ធំមួយសម្រាប់ណាហ្គាវើលដើម្បី ផ្លាស់ប្តូរទម្រង់លេង ។

 

គួរបញ្ជាក់ថានៅក្នុងសប្តាហ៏ទី៧ ចុងសប្តាហ៏នេះ ណាហ្គាវើល ត្រូវប្រកួតជាមួយខេមបូឌាន ថាយហ្គឺរ នៅ​ទីលាន​ពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ល្ងាច ថ្ងៃ អាទិត្យ ទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦ ហើយ​ប្រសិន​បើ​លទ្ធផល​មាន​ឈ្នះឬចាញ់​នោះ​តំណែង​​ចំណាត់​ថ្នាក់​លេខ៥​នេះ​​នឹង​មាន​ប្រែប្រួល ខណៈដែលគិតត្រឹមសប្តាហ៏ទី៦ ណាហ្គាវើលមាន១០ពិន្ទុ រី​ឯ​ខេមបូឌានថាយហ្គឺរ មាន​៩​ពិន្ទុ​តាម​ពី​ក្រោយ។  ​ដូច្នេះ​ប្រកួត​នេះ​អាច​នឹង​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​សម្រាប់​លីគ​កំពូល​កម្ពុជា​សប្តាហ៏​ទី៧​ខាង​មុខនេះ។