សារព័ត៌មាន​​ខាង​ទីម័រខាងកើត​ ថា​ ជម្រើស​ជាតិ​របស់​ខ្លួន​នឹង​មក​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា ចុង​ខែ​នេះ

By |

យោងតាមប្រភពមកពីសារព័ត៌មាន​ទីម័រខាងកើត បាន​ឲ្យ​ដឹង​ថា​ក្រុមជម្រើសជាតិកម្ពុជា បានអញ្ជើញក្រុមភ្ញៀវ ទីម័រខាងកើត មកប្រកួតមិត្តភាពនៅទីក្រុងភ្នំពេញ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៦។ ប្រភព​បាន​បន្ថែម​ថា​ការដំបូង​ឡើយ​ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា នេាះទេ ប៉ុន្ដែ​ខាង​ប្រទេស​របស់​ខ្លួន​ស្នើសុំ​ប្ដូរ​ថ្ងៃ​ព្រេាះ​ដើម្បី​ឲ្យ​មាន​ប្រកួត​បន្ទាប់​ជាមួយក្លិបមួយនៅ​ប្រទេស​ម៉ាឡេស៊ី។

 

ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon នេះគឺជាប្រកួតមិត្តភាពកម្តៅសាច់ដុំមុនចូលរួមវគ្គជម្រុះបឋមនៃពានរង្វាន់​ប្រចាំ​ទ្វីប​អាស៊ី AFC Asain Cup UAE 2019 ដោយត្រូវជួបក្រុម​បាល់ទាត់​ជម្រើស​ជាតិកោះតៃវ៉ាន់ នៅថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦(ជើងទី១)នៅ​តៃវ៉ាន់ ខណៈ​ជើង​ទី២ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញវិញម្ដង នាថ្ងៃទី៧​​ ខែ មិថុនា ឆ្នាំ២០១៦។ក្នុងនោះ ក្រុមជម្រើសជាតិកម្ពុជានឹង​ត្រូវប្រមូល​ផ្តុំ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​ ឧសភា ឆ្នាំ២០១៦ ត្រៀម​ប៉ះ​តៃវ៉ាន់​ ក្នុង​វគ្គ​ជម្រុះ​​ជើងឯក​​ទ្វីប​អាស៊ី។

 

វគ្គ​ជម្រុះ​បឋម​ក្រៅ​ពី​ក្រុម​កម្ពុជា ជួប​ចិន​តៃវ៉ាន់ ក៏​មាន​ក្រុម​ម៉ាល់ឌីវ ប៉ះ​ក្រុម​យ៉េម៉ែន ខណៈ​ក្រុម​តាហ្សីគីស្ថាន ជួប​បង់ក្លាដេស ហើយ​ម៉ាឡេស៊ី ប៉ះ​ទីម័រខាងកើត និង​ឡាវ ជួប​ឥណ្ឌា។ សម្រាប់​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​នេះ​នឹង​ទទួល​កៅអី​ឡើង​ទៅ​លេង​វគ្គ​ជុំ​ទី២។ ចំណែក​ប្រទេស​ដែល​ត្រូវ​អង្គុយ​ចាំ​​នៅ​ក្នុង​វគ្គ​ជុំ​​ទី២ មាន​ កូរ៉េខាងជើង ហ្សកដានី​ អូម៉ង់ លីបង់ ប៉ាឡេស្ទីន កៀហ្ស៊ីស៊ីស្ថាន ហុងកុង ទួរមេនីស្ថាន​ សិង្ហបុរី វៀតណាម គុយវ៉ែត ហ្វីលីពីន កោះ​ហ្គាម មីយ៉ាន់ម៉ា បារ៉ែន និង អាហ្វហ្គានីស្ថាន។

 

គិត​ត្រឹម​ពេល​នេះ​AFC Asian Cup UAE 2019 បាន​រក​ឃើញ​ក្រុម​​ឡើង​ទៅ​អង្គុយ​ចាំ​នៅ​ជុំ​ផ្ដាច់ព្រ័ត្ត ឬ វគ្គ​២៤​ក្រុម​ចុង​ក្រោយ​រួចរាល់​ហើយ ដោយ​មាន​ប្រទេស​អារ៉ាប់រួម ជា​ម្ចាស់​ផ្ទះ, ក្រុម​ជម្រើស​ជាតិ​កាតារ, ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង, ក្រុម​ជម្រើស​ជាតិ​ជប៉ុន, ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់ប៊ីសាអូឌីត ក្រោយ​បញ្ចប់​យុទ្ធនាការ​ប្រកួត​ជម្រុះ​ជុំ​ទី២ ប្រចាំ​ទ្វីប​អាស៊ី នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia៕