Ronaldo កូរ៉េខាងជើង របស់​ក្រសួងការពារជាតិ បំបែក​កំណត់​ត្រា​ក្នុង​លីគ​កំពូល​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពីមុន​មក

By |

គិតមកទល់នឹងពេលនេះ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជាបានរំកិលមកដល់សប្តាហ៏ទី៩ ដែលជាសប្តាហ៍ចុងក្រោយនៃជុំទី១ហើយ ខណៈក្រសួងការពារជាតិកំពុងតែស្ថិតនៅកំពូលតារាងចំណាត់ថ្នាក់ ហើយកីឡាករ Choe Myong Ho ដែលជាខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងជើង ក៏កំពុងតែឡើងកូដជាមួយនឹងក្លិបទ័ពជើងគោកមួយនេះផងដែរ ស្របពេលបង្ហាញខ្លួន៩ប្រកួត កន្លងមក រូបគេអាចទាត់បាល់ចូលទីគ្រប់ប្រកួតទាំងអស់។

កីឡាករ Ronaldo កូរ៉េខាងជើងរូបនេះ ធ្លាប់បានផ្តល់បទសម្ភាសន៏ដល់ភ្នាក់ងារសារពត៌មាន We Are Football ថា គេសប្បាយចិត្តក្នុងការជួយក្លិបក្រសួងការពារជាតិឲ្យក្លាយជាម្ចាស់ជើងឯករដូវកាលនេះ ជាងក្តីរំពឹងថានឹងក្រសោបយកពានស្បែកជើងមាស ( Golden Boots ) បើទោះបីជារូបគេអាចស្វែងរកគ្រាប់បាល់បានគ្រប់ប្រកួតយ៉ាងណាក៏ដោយ ពោលគឺ ៩ប្រកួត អាចទាត់បាល់បញ្ចូលទី១៤គ្រាប់ម្នាក់ឯង។

ខាងក្រោមជាទិន្នន័យគ្រាប់បាល់ដែល Choe Myong Ho រកបានពីការប្រកួតទាំង៩ (ពេលជុំទី១)៖

សប្តាហ៏ទី ១ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-៤ ក្រសួងការពារជាតិ ( ១គ្រាប់ )
សប្តាហ៏ទី ២ ណាហ្គាវើល ០-១ ក្រសួងការពារជាតិ ( ១គ្រាប់ )
សប្តាហ៏ទី ៣ វេស្ទើនភ្នំពេញ ១-៥ ក្រសួងការពារជាតិ ( ៤គ្រាប់ )
សប្តាហ៏ទី ៤ បឹងកេតអង្គរ ១-២ ក្រសួងការពារជាតិ ( ១គ្រាប់ )
សប្តាហ៏ទី ៥ ក្រសួងការពារជាតិ ១-២ ភ្នំពេញក្រោន ( ១គ្រាប់ )
សប្តាហីទី ៦ ព្រះខ័នរាជស្វាយរៀង ១-៥ ក្រសួងការពារជាតិ ( ១គ្រាប់ )
សប្តាហ៏ទី ៧ ក្រសួងការពារជាតិ ២-១ អាស៊ីអឺរ៉ុបយូណាយធីត ( ១គ្រាប់ )
សប្តាហ៏ទី ៨ ក្រសួងការពារជាតិ ៣-០ មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ( ២គ្រាប់ )
សប្ដាហ៍ទី៩ ខេមបូឌានថាយហ្គឺរ ១-២ ក្រសួងការពារជាតិ (២គ្រាប់)

កីឡាករ Cheo Myon Ho បានបំបែកកំណត់ត្រាថ្មីនៅលីគកំពូលកម្ពុជា ដែលមិនធ្លាប់មានពីមុនមកគឺ រកគ្រាប់បាល់គ្រប់ការប្រកួត ពេញជុំទី១។ តើកីឡាកររូបនេះបន្តរកគ្រាប់បាល់គ្រប់ការប្រកួតនៅជុំទី២ឬបានទៀតឬយ៉ាងណា?