គ្រូណាហ្គាវើល ថា​កីឡាករ​ខ្វះ​ការ​ប្រមូល​អារម្មណ៍​ទើប​ភ្លាត់​​ស្នៀត​ចាញ់​ស៊ីម៉ាក់ ក្នុង​​វិនាទី​គ្រោះថ្នាក់ ក្នុង​ពាន Hun Sen Cup ម្សិលមិញ

By |

កាលពីល្ងាចម្សិលមិញពោលគឺថ្ងៃ ពុធ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ គឺជាការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ( Hun Sen Cup ) ក្នុងនោះក្រុមណាហ្គាវើលដែលជាក្រុមជើងឯករងកាលពីឆ្នាំ២០១៥ បានភ្លាត់បរាជ័យក្រោមថ្វីដៃក្រុមស៊ីម៉ាក់ នៅក្នុងនាទីថែម៤នាទីនៃតង់ទី២ ធ្វើឲ្យបាត់បង់ឱកាសបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។

គ្រូបង្វឹករបស់ក្លិបណាហ្គាវើលបានសម្តែងចំណាប់អារម្មណ៏របស់ខ្លួនក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា៖ « កាលណាយើងហត់ហើយ ការប្រមូលអារម្មណ៏របស់យើងខ្វះខាត គឺកីឡាករខ្វះការយល់ពីស្ថានភាពនៃការលេង យើងដឹងថាថែម៤នាទីហើយ តែកីឡាករយើងនៅតែធ្វេសប្រហែស » ។ លោកបានបន្តថា វាក៏ជាកំហុសរបស់លោកផងដែរ ដែលរៀបចំការលេងមិនបានល្អ ក៏ដូចជាដាក់កីឡាករខុស ។

ងាកទៅនិយាយអំពីគូប្រកួតវិញ លោក មាស ចាន់ណាបានកោតសរសើរថាស៊ីម៉ាក់លេងបានល្អ ហើយដូចទៅនឹងអ្វីដែលលោកគិតទុក ថាពួកគេនឹងប្រើទម្រង់ ការពារវាយសម្រុក ( Counterattack ) អញ្ចឹងលោកត្រៀមទុករួចជាស្រេចហើយដើម្បីកុំឲ្យមានការភ្លាត់ដូចស្ថានភាពនៃការប្រកួត តែចុងក្រោយវាកើតឡើងមែន។ មុននឹងបញ្ចប់កិច្ចសម្ភាសន៏ គ្រូបង្វឹកណាហ្គាវើលរូបនេះបានបង្ហើយថា សូម្បីតែកីឡាករក៏មិនអស់ចិត្តដែលចំពោះបរាជ័យនេះ ពីព្រោះកម្រិតរបស់ក្រុមទាំងពីរគឺនៅឆ្ងាយពីគ្នា បានន័យថា យើង ១០០ គេ ៦០ ។

គួរបញ្ជាក់ថាដំបូងឡើយកីឡាករ អឿន ភារៈ បានរកគ្រាប់បាល់ឱ្យស៊ីម៉ាក់ នាំមុខមុនក្នុងតង់ទី១ ស្របពេលចូលដល់តង់ទី២ កីឡាករ ស៊ុន សុវណ្ណរិទ្ធី រកគ្រាប់បាល់ឱ្យណាហ្គាវើល ក្រោយទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេច។ ប៉ុន្ដែអ្វីដែលគួរឱ្យអស្ចរ្យានោះគឺកីឡាករ ហុង មករា បានទាត់បាល់បញ្ជូលទីក្រុមណាហ្គាវើល ដែលជាគ្រាប់បាល់ជ័យជម្នះឱ្យក្រុមស៊ីម៉ាក់ នៅ១នាទីចុងក្រោយមុនចប់ការប្រកួត។