គ្រូបង្វឹកស៊ីម៉ាក ថាលោកព្យាយាមសិក្សាពីគូប្រកួតទើបអាចទទួលបានជ័យជម្នះលើណាហ្គាវើល

By |

ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា ( ស៊ីម៉ាក់ ) បានទម្លាក់ក្រុមជើងឯករងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន (Hun Sen Cup) កាលពីឆ្នាំមុន គឺណាហ្គាវើល កាលពីល្ងាចម្សិលមិញពោលគឺថ្ងៃ ពុធ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ គឺជាការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់មួយនេះ។

លោក ស៊ុំ វណ្ណា ដែលបានចូលមកដឹកនាំក្រុមស៊ីម៉ាក់តាំងពីដើមរដូវកាល២០១៦នេះ បានប្រាប់ពីគន្លឹះខ្លះដែលក្រុមលោកអាចយកឈ្នះលើក្រុមណាហ្គាវើលដែលជាក្រុមខ្លាំងមួយនៅកម្ពុជាថា ចំពោះទម្រង់លេងរបស់ណាហ្គាវើល លោកព្យាយាមសិក្សា និងពិនិត្យលំអិតទៅលើការប្រកួតរបស់ណាហ្គា កាលពីវគ្គមុនៗកន្លងមក ហើយយើងធ្វើការហ្វឹកហាត់ទៅតាមអ្វីដែលគេមាន ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ណាហ្គាវើលគឺជាក្រុមខ្លាំង មានកីឡាករល្អៗ និងបទពិសោធន៏ ទាំងកីឡាករ និងគ្រូ។

គ្រូបង្វឹកដែលនាំក្រុមស៊ីម៉ាក់ឡើងទៅវគ្គ៤ក្រុមចុងក្រោយរូបនេះបានសារភាពថា លោកពិតជាប្រើទម្រង់ការពារវាយសម្រុក ( Counterattack ) ដូចទៅនឹងអ្វីដែលលោកមាស ចាន់ណាបានលើកឡើងពិតមែន តែយ៉ាងណាក៏ដោយជ័យជម្នះក្នុងវិនាទីដ៏គ្រោះថ្នាក់នេះ លោក ស៊ុំ វណ្ណាពុំបានគិតថាវាគឺជាសំណាងនោះទេ គឺកើតចេញពីបច្ចេកទេសសុទ្ធសាធ។

សូមជម្រាបជូនថា នៅក្នុងវគ្គ៤ក្រុមចុងក្រោយនៃដំណើរឆ្ពោះទៅរកដំណែងជើងឯកពានរង្វាន់ Hun Sen Cup 2016 ស៊ីម៉ាក់នឹងត្រូវប្រឈមមុខជាមួយក្រុមក្រសួងការពារជាតិ នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៦ល្ងាច នៅពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត។

អត្ថបទពាក់ព័ន្ធ៖ ទិដ្ឋភាពនិងវីដេអូហាយឡាយ ណាហ្គាវើល ខលចិត្តដោយសារស៊ីម៉ាក់ ម្សិលមិញ