Hun Sen Cup៖ គ្រូជំនួយស៊ីម៉ាក់ ថា​ដល់​ដំណាក់​កាល​នេះ​ហើយ​មិន​អាច​លេង​ទប់​បាន​ទេ

By |

ជាប្រវត្តិសាស្រ្តដ៏ថ្មីស្រឡាងមួយសម្រាប់ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីនកម្ពុជាដែលបានឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ ( Semi-Final ) ចាប់តាំងពីក្លិបមួយនេះបានឡើងមកលេងនៅក្នុងលីគកំពូលកម្ពុជាកាលពីរដូវកាល២០១៥ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺគេបានទម្លាក់ក្រុមជើងឯករងពានរង្វាន់សម្តេច ហ៊ុនសែន ( Hun Sen Cup ) ឆ្នាំ២០១៥ នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ( Quarter-Final ) ហើយនឹងត្រៀមខ្លួនដើម្បីប្រកួតជាមួយក្រុមក្រសួងការពារជាតិ ក្នុងដំណើរផ្លូវឆ្ពោះទៅរកតំណែងជើងឯកពានរង្វាន់មួយនេះ។

សម្រាប់ប្រកួតដ៏សំខាន់នេះ គ្រូជំនួយរបស់ក្រុមស៊ីម៉ាក់បានលើកឡើងថា ក្រុមរបស់លោកនឹងមិនប្រើប្រព័ន្ធទប់នោះទេពេលប៉ះជាមួយក្រសួងការពារជាតិ នៅថ្ងៃពុធសប្តាហ៏ក្រោយនេះ ព្រោះវគ្គនេះគឺជាវគ្គសំខាន់ហើយ ដូច្នេះបើគេវាយសម្រុកមកលើក្រុមលោក នោះលោកក៏នឹងវាយសម្រុកទៅលើគេវិញដែរ ។ ត្រង់ចំណុចនេះលោកក៏បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើក្រសួងការពារជាតិ ធ្វេសប្រហែស លទ្ធផលគឺដូចណាហ្គាវើលអញ្ចឹង គឺយើងនឹងធ្វើការវាយបកភ្លាមៗ យើងមិនទប់ឲ្យគេគ្រប់ដណ្តប់មកលើយើងទេ» ។

សូមបញ្ជាក់ផងដែរថាការប្រកួតដណ្តើមពានរង្វាន់សម្តេច ហ៊ុនសែន ប្រចាំឆ្នាំ២០១៦ បានចាប់ផ្តើមវគ្គជម្រុះបឋមតាំងពីពាក់កណ្តាលខែកុម្ភៈមកម្ល៉េះ រហូតទាល់តែចម្រាញ់បាន៤ក្រុមមកប្រកួតក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយភ្នំពេញក្រោន និងស៊ីម៉ាក់ប្រកួតជាមួយក្រសួងការពារជាតិ វេលាម៉ោង ៦ល្ងាច ដែលការប្រកួតទាំងពីរនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីរកក្រុមឈ្នះ២ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៦។