Hun Sen Cup៖ គ្រូស៊ីម៉ាក់ មាន​មោទនភាព​ចំពោះ​កូនក្រុម​ ទោះបី​បាត់បង់​កៅអី​វគ្គផ្តាច់ព្រ័ត្រ

By |

ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានបាត់កៅអីក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ក្រោយពីបរាជ័យ០ទល់នឹង៣ ពេលជួបក្រុមបាល់ទាត់ក្រសួងការពារជាតិកាលពីយប់ម្សិលមិញ ពោលគឺថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែគ្រូបង្វឹករបស់ក្រុមលោក ស៊ុំ វណ្ណា បានសម្តែងអារម្មណ៏ត្រេកអរដែលកីឡាកររបស់ក្រុមលោកធ្វើបានល្អ និងធ្វើតាមអ្វីដែលលោកបានរៀបចំនៅលើទីលាន។

លោកក៏បានសរសើរដល់ក្រុមក្រសួងការពារជាតិ ថាពួកគេមានទម្រង់ល្អជាងក្រុមលោក ហើយបើនិយាយអំពីធនធានកីឡាករវិញ ពួកគេមានធនធានកីឡាករច្រើនជាងថែមទៀតផង ជាក់ស្តែងក្នុងការប្រកួតនេះក្រុមរបស់លោក សុំ វណ្ណា ធ្វើការផ្លាស់ប្តូរកីឡាករតែ១រូបប៉ុណ្ណោះ។ « ចំពោះតង់ទី១ គឺយើងធ្វើបានល្អ ដោយមិនឲ្យរបូតគ្រាប់បាល់នោះឡើយ តែនៅតង់ទី២ដោយសារមានការធ្វេសប្រហែសខ្លះរបស់កីឡាករ ក៏ដូចជាអ្នកចាំទីទើបធ្វើឲ្យយើងផ្តល់ឱកាសឲ្យគូប្រកួតស្វែងរកគ្រាប់បាល់បាន »។ នេះបើតាមការឲ្យដឹងពីគ្រូបង្វឹករបស់ស៊ីម៉ាក់។

បើទោះជាបាត់បង់កៅអីទៅវគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែស៊ីម៉ាក់ នៅមានឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣ជាមួយក្រុមភ្នំពេញក្រោន នៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខនេះផងដែរ ខណៈជំនួបនេះត្រូវបានលោក ស៊ុំ វណ្ណា បញ្ជាក់ថា លោកនឹងព្យាយាមសិក្សាបន្ថែមពីចំណុចខ្វះខាតរបស់ក្រុមភ្នំពេញក្រោន ដើម្បីរំពឹងយកលទ្ធផលល្អ ពីព្រោះក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូល ដោយស្មើគ្នាក្នុងលទ្ធផល០-០ ។