គ្រូថៃU16 នៅតែនិយាយដដែលៗថា កីឡាករខ្លួន​ដែលលេង ម្សិលមិញ​គឺខុសពីចាញ់​កម្ពុជា​នៅ​បាងកក

By |

ក្រោយយកឈ្នះម្ចាស់ផ្ទះកម្ពុជាU-16 ដោយលទ្ធផលដ៏អស្ចារ្យពោលគឺ ៦ទល់នឹង០ គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម១៦ឆ្នាំ បានមានប្រសាសន៏នៅក្នុងសន្និសិទ្ធិកាសែតថា កីឡាករដែលលោកដាក់ឲ្យលេងនៅក្នុងការប្រកួតពានរង្វាន់ AFF Smart U16 Championship 2016 ជាមួយកម្ពុជានេះ គឺខុសពីកីឡាករដែលលោកបានដាក់ឲ្យលេងក្នុងប្រកួតមិត្តភាពនៅទីក្រុងបាងកក ដែលកាលនោះកម្ពុជាឈ្នះ៣ទល់នឹង១។

លោក Chaiyong Khumpiam គ្រូបង្វឹកថៃ U16 ក៏បានលើកឡើងដែរថា លោកមិនបានគិតថាអាចឈ្នះកម្ពុជាបានដល់ទៅ ៦-០ នោះទេ ពោលគឺលោករំពឹងថាត្រឹម ១-០ ឬក៏ ២-១ ប៉ុណ្ណោះ ហើយមូលហេតុដែលឈ្នះច្រើនដល់ថ្នាក់នេះ ពីព្រោះលោកបានមើលឃើញពីប្រព័ន្ធលេងរបស់កម្ពុជាដែលពុំមានការផ្លាស់ប្តូរទាល់តែសោះ ដូចនេះលោកក៏បានរៀបទម្រង់ដើម្បីគ្រប់គ្រងលើប្រព័ន្ធលេងរបស់កម្ពុជាបាន ដែលធ្វើឲ្យកម្ពុជាពិបាកក្នុងការស្វែងរកឱកាសសម្រេចគ្រាប់បាល់។

ឆ្លងកាត់៣ប្រកួតក្នុងពូលBនេះ ថៃមានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះទាំង៣ប្រកួត ខណៈដែលម្ចាស់ផ្ទះ កម្ពុជា ទីម័រខាងកើត និងឡាវនៅត្រូវចាំអ៊ុតប្រកួតចុងក្រោយរបស់ខ្លួនសិន ស្របពេលប្រ៊ុយណេហាលអាវបាត់ទៅហើយក្រោយប្រកួត៤លើក ចាញ់ទាំង៤លើក។