AFF Suzuki Cup៖ វគ្គជម្រុះដំបូង​នៅកម្ពុជា យកតែ១ក្រុមប៉ុណ្ណេាះ​ ឡើងទៅជួប​៧ក្រុម​ដែល​កំពុងអង្គុយចាំ

By |

ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកប្រចាំទ្វីបអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវគ្គជម្រុះបឋម ហើយ​មីយ៉ានម៉ា ជាមួយ ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះរួមនៅជុំជម្រុះចុងក្រោយ បានបង្ហាញពីកាលបរិច្ឆេទប្រកួតជុំចុងក្រោយហើយ ដោយចាប់ផ្ដើមប្រកួតនៅកំឡុងពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ។

ការប្រកួតនៅជុំជម្រុះចុងក្រោយនឹងត្រូវចាប់ផ្ដើមប្រកួតពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដោយធ្វើការប្រកួតនៅប្រទេសមីយ៉ានម៉ា ជាម្ចាស់ផ្ទះពូល A និងប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះពូល B សម្រាប់វគ្គជម្រុះក្នុងពូល និងការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយវគ្គផ្ដាច់ព្រ័ត្រ ប្រកួតចាប់ពីថ្ងៃទី ០៣ ខែ ធ្នូ និងបញ្ចប់ទៅនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៦ ធ្វើការប្រកួតតាមរូបមន្តក្នុងដី និងក្រៅដី (Home/Away)។

បញ្ជាក់ថាការប្រកួតជុំជម្រុះបឋមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រកួតចាប់ពីថ្ងៃទី ១៥ ខែ តុលា រហូតដល់ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦ ដែលមាន ៤ ប្រទេសប្រកួតតតាំងគ្នារួមមាន ម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ និង ទីម័រខាងកើត ក្រុមដែលឈរនៅលើគេនឹងបានកៅអីដើម្បីឡើងទៅជុំចុងក្រោយ។ ជុំចុងក្រោយមាន​ក្រុមថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី កំពុងអង្គុយចាំ៕