៥រឿងដែលគួរស្វែងយល់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងពានរង្វាន់ AFF SUZUKI CUP

By |

ពានរង្វាន់ AFF SUZUKI CUP ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ គិតមកទល់នឹងឆ្នាំ២០១៦នេះ គឺគម្រប់ខួប២០ឆ្នាំហើយ ស្របពេលដែលពានរង្វាន់ចំនួន១០ត្រូវបានក្រុមទាំង១១នៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែងគ្នាដើម្បីគ្រងដំណែងជើងឯក  ក្នុងនោះសមាសភាពកម្ពុជាយើងបានចូលរួមចាប់តាំងពីឆ្នាំបង្កើតដំបូងរហូតមក។

We Are Football នឹងធ្វើការសង្ខេបដកស្រង់អំពីប្រវត្តិខ្លះៗក្នុងការចូលរួមពានរង្វាន់មួយនេះរបស់កម្ពុជាដែលមានដូចខាងក្រោម៖

១. ធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋម ( ធ្វើម្ចាស់ផ្ទះលើកដំបូងបានឡើងទៅវគ្គចែកពូល )

គិតទាំងឆ្នាំ២០១៦នេះ កម្ពុជាទទួលសិទ្ទិធ្វើម្ចាស់ផ្ទះនៃវគ្គជម្រុះបឋមនេះជាលើកទី២ហើយ ពោលគឺឆ្នាំ២០០៨ ម្តង និងឆ្នាំ ២០១៦ម្តងទៀត។ ចាំមើលថាតើឆ្នាំនេះ កម្ពុជាអាចឆ្លងផុតវគ្គនេះសារជាថ្មីទៀតឬយ៉ាងណា ?

២. ធ្លាប់ឆ្លងផុតវគ្គជម្រុះបឋមម្តងគត់ក្នុងការចូលរួម១០លើក

ផ្តើមឡើងនៅក្នុងឆ្នាំ១៩៩៦ កម្ពុជាធ្លាប់ឡើងទៅវគ្គជម្រុះតាមពូលម្តងគត់កាលពីឆ្នាំ២០០៨ ដោយកាលនោះប្រកួត៤លើក ឈ្នះ២លើក ស្មើ១លើក និងចាញ់១លើក ។ សម្រាប់ឆ្នាំ ១៩៩៦ ឆ្នាំ ២០០០ ឆ្នាំ ២០០២ និង ឆ្នាំ២០០៤ កម្ពុជាបានលេងនៅក្នុងវគ្គជម្រុះតាមពូលដោយស្វ័យប្រវត្តិ ដោយកាលនោះមិនមានវគ្គជម្រុះបឋមនោះទេ។

៣. កីឡាករដែលរកគ្រាប់បាល់តំបូងគេក្នុងព្រឹត្តិការណ៍ Suzuki Cup ( Tiger Cup 1996 )

កាលនោះគឺកម្ពុជាប្រកួតចាញ់វៀតណាម ១ទល់នឹង៣ ក្នុងវគ្គជម្រុះពូលA ហើយ១គ្រាប់នោះគឺកើតចេញពីការទាត់បញ្ចូលទីដោយអតីតកីឡាករ នុត សូនី ( បច្ចុប្បន្នគ្រូជំនួក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ) នៅនាទី ៦៨ ។

៤. កីឡាករ២រូបដែលរកបានគ្រាប់បាល់៣គ្រាប់ម្នាក់ឯងក្នុង១ប្រកួត ( Hattrick ) 

នៅឆ្នាំ២០០៨ កីឡាករ ឃឹម បូរីគឺជាអ្នកស្វែងរកគ្រាប់បាល់៣គ្រាប់ម្នាក់ឯង ក្នុងជំនួបកម្ពុជាឈ្នះទីម័រខាងកើតដោយលទ្ធផលវាយបក ៤ទល់នឹង១ ។ រីឯនៅឆ្នាំ ២០១៤ កីឡាករ សុក ច័ន្ទរស្មី គឺជាតួអង្គរកបានគ្រាប់បាល់៣គ្រាប់ម្នាក់ឯងម្តងទៀត ក្នុងជំនួបកម្ពុជាឈ្នះទីម័រខាងកើតដដែល ដោយលទ្ធផលវាយបក ៣ទល់នឹង២ ។

៥. ប្រកួតដែលកម្ពុជាឈ្នះដំបូងគេនៅក្នុងពានរង្វាន់នេះ

ចូលរួមលើកដំបូងនៅឆ្នាំ១៩៩៦ក៏ពិតមែន ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់ប្រកួតឈ្នះក្រុមណាមួួយឡើយ រហូតដល់ឆ្នាំ២០០០ ដែលជាឆ្នាំទី៣ កម្ពុជាប្រកួតឈ្នះក្រុមឡាវ ៣ទល់នឹង០ នៅវគ្គជម្រុះបឋម នៅថ្ងៃទី ១១ ខែ វិច្ឆកា ឆ្នាំ ២០០០ ។