ប្រធានក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ជំនួស ហុង ផេង ដែលកំពុងញាំញីដោយរបួស

By |

កាលពីថ្ងៃទី ១៩ ខែ សីហា កន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចេញនៅបញ្ចីឈ្មោះកីឡាករ២៤ នាក់ត្រៀមហ្វឹកហាត់ នឹងប្រមូលផ្តុំ សម្រាប់ការជួបការប្រកួតមិត្តភាពដ៏ធំជាមួយក្រុមបាល់ទាត់ហុងកុង ប៉ុន្តែខ្សែការពារ ហុង ផេង របស់ក្លិប បឹងកេតអង្គរ ដែលកំពុងសម្រាកព្យាបាលរបួសរហែកសរសៃពួរជង្គង់នោះ ត្រូវបានកាត់ឈ្មោះចេញជំនួសដោយប្រធានក្រុម អគ្គស្នងការដ្ឋានគរបាលជាតិ សាយ ពិសិដ្ឋ ដែលជាកីឡាករម្នាក់ធ្លាប់មានបទពិសោធន៍ច្រើនក្នុងជម្រើសជាតិដូចគ្នា ខណៈប្រកួតចុងក្រោយលេងតំណាងអោយជាតិនោះគឺ ជាមួយក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក 2018 FIFA World Cup RUSSIA។ក្នុងនោះកីឡាករ ឃួន ឡាបូរ៉ាវី ក៏កំពុងសម្រាកព្យាបាលរបួសផងដែរ ប៉ុន្តែត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Lee Tae Hoon សង្ឃឹមថាអាចនឹងជាសះស្បើយមុនការប្រកួតផងដែរ។

គួររំលឹកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយ ក្រុមបាល់ទាត់ហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦ នៅកីឡដ្ឋាន Mong Kok នាទីក្រុងហុងកុង នៅវេលាម៉ោង ៧:០០ នាទីល្ងាច (ម៉ោងនៅកម្ពុជា) ខណៈនេះជាការប្រកួតត្រៀមសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 វគ្គជម្រុះបឋម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕