ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បន្តហ្វឹកហាត់ និងប្រកួតសមជើងលើកចុងក្រោយនៅបាទី មុនចេញដំណើរទៅវៀតណាម

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងបន្តធ្វើការហ្វឹកហាត់សារជាថ្មីទៀត ដែលនេះគឺជាការប្រមូលផ្តុំលើកចុងក្រោយ ដើម្បីចម្រាញ់យកកីឡាករចុងក្រោយ២៣រូប មុនពេលពួកគេចេញដំណើរទៅប្រទេសវៀតណាមចូលរួមប្រកួតពានរង្វាន់ AFF U-19 CHAMPIONSHIP 2016 ជាមួយគ្នានោះផងដែរ ពួកគេក៏នឹងធ្វើការប្រកួតសមជើងលើកចុងក្រោយជាមួយក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ ( ប៉ូលីស ) ថ្ងៃ ពុធ សប្តាហ៍នេះ នៅមជ្ឍមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី។

ឆ្លងកាត់ការប្រមូលផ្តុំ និងជំរុះកីឡាករពីបញ្ជីអស់២ដំណាក់កាលរួចមក សព្វថ្ងៃ U-19កម្ពុជា កំពុងមានសមាសភាពកីឡាករ ២៨រូប ដែលត្រូវជ្រើសយកលើកចុងក្រោយត្រឹមតែ២៣រូបប៉ុណ្ណោះ ដើម្បីរួមដំណើរជាមួយលោក Ohara គ្រូបង្វឹក ចេញទៅទីក្រុងហាណូយនាពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនោះផងដែរ ពួកគេបានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ចំនួន ៥ប្រកួតរួចមកហើយ ដោយចាញ់ក្រុម African All Stars ០-២ ឈ្នះបឹងកេតអង្គរ ៥-០ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ ស្មើជាមួយណាហ្គាវើល ១-១ ។

ចាំមើលថាតើការជំរុះលើកចុងក្រោយ កីឡាករមកពីក្លិបណាខ្លះ នឹងមានឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ទៅប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន ខណៈដែលកម្ពុជាឈរក្នុងពូល B ជាមួយក្រុម៥ផ្សេងទៀតដូចជា ថៃ អូស្ត្រាលី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហើយកម្ពុជានឹងប៉ះអូស្ត្រាលីនៅក្នុងជំនួបបើកឆាករបស់ខ្លួន ក្នុងថ្ងៃទី ១២ ខែ កញ្ញា ។