ទីបំផុត​បឹងកេតអង្គរ ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា លើក​ទី២ ខណៈ​លោក ប្រាក់ សុវណ្ណារ៉ា ស្គាល់​រសជាតិ​ពាន​លើក​ដំបូង​ក្នុង​អាជីព

By |

ក្រុម​បឹងកេតអង្គរ បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ និង​ជា​ជើង​ឯក​លើក​​ទី២​ក្នុង​ប្រវត្តិសាស្រ្ត​ក្លិប​របស់​ខ្លួន ខណៈ​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ជា​គ្រូ​បង្វឹក​ស្គាល់​រសជាតិ​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​​ផង​ដែរ។

ជ័យជម្នះ​នេះ​គឺ​កើត​ឡើង​ក្រោយ​ពេល​បឹងកេតអង្គរ បាន​ប្រកួត​ចុង​ក្រោយ​ប្រចាំ​សប្ដាហ៍​ទី១៨ ឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដោយ​លទ្ធផល ២ទល់១។ កីឡាករ Bata និង សុខ សុវណ្ណ នាំ​សំណាង​ឱ្យ​ក្រុម ខណៈ​កីឡាករ Shane រក​គ្រាប់​បាល់​ឱ្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

សូម​បញ្ជាក់​ថា​បឹងកេតអង្គរ ធ្លាប់​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១២ ហើយឆ្នាំ​២០១៣ និង​២០១៤ ឈ្នះ​ត្រឹម​ជើង​ឯករង ខណៈ​ឆ្នាំ​២០១៥ ឈ្នះ​ត្រឹម​លេខ៣។ ចំណែក​លោក​ ប្រាក់ សុវណ្ណារ៉ា មិន​ដែល​ស្គាល់​រសជាតិ​ពានរង្វាន់​នេះ​ទេ តាំង​ពី​ដឹកនាំ​ក្រុម​ Hello United (ភ្នំពេញក្រោន បច្ចុប្បន្ន) ព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើល។

សម្រាប់​លទ្ធផល​ផ្សេង​ទៀត​​ក្នុង​ថ្ងៃ​បិទ​រដូវកាល ក្រុម​​ក្រុម​​ណាហ្គាវើល បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​ខេមបូឌានថាយហ្គឺរ ដោយ​លទ្ធផល ២ទល់២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​វេស្ទើនភ្នំពេញ បាន​យក​ឈ្នះ​លើ​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ដោយ​លទ្ធផល ៦ទល់០ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន​របស់​ខ្លួន។