កីឡាករ ៤ រូប​គួរ​តែ​​មាន​ឈ្មោះ​ទៅ​ចូលរួម​ពាន AFF U-19 Championship នៅ​វៀតណាម?

By |

ត្បិតតែការប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Youth U-19 Championship ដែលធ្វើឡើងនៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ឈានដល់ការប្រកួតបញ្ចប់សម្រាប់ពូល B នៅល្ងាចនេះក៏ដោយ បុន្តែនៅមានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ខ្លះនៅតែមានការសោកស្ដាយចំពោះការអវត្តមានកីឡាករសំខាន់ៗមួយចំនួន ដែលមិនបានរួមដំណើរទៅជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំសម្រាប់ព្រឹត្តិការណ៍មួយនេះ។

កីឡាករដែលអ្នកគាំទ្រគិតថាគួរតែមានមុខក្នុងព្រឹត្តិការណ៍ AFF Youth U-19 Championship នេះរួមមាន៖

១. កីឡាករ ស៊ុន វណ្ណដេត៖ ដំបូងឡើយកីឡាកររូបនេះមានឈ្មោះក្នុងបញ្ជីប្រមូលផ្ដុំហ្វឹកហាត់បឋម ក៏ដូចជាបញ្ចីធ្វើតេស្តសមសភាពលើកដំបូងផងដែរ ប៉ុន្តែក្រោយមក លោក Ohara Kazunori ក៏សម្រេចចិត្តមិនជ្រើសរើសយក ស៊ុន វណ្ណដេត ទៅដំណាក់កាលបន្ទាប់ឡើយដោយសារលោកគិតថារូបគេគឺជាកីឡាករនៅក្នុងក្រុមជម្រើសជាតិឈុតធំ ដូចនេះលោកចង់ទុកពេលអោយគាត់មានពេលវេលាជាមួយក្រុមជម្រើសជាតិឈុតធំច្រើនជាង មកចូលរួមជាមួយក្រុមជម្រើសជាតិយុវជន។

២. កីឡាករ ច្រឹង ពលរដ្ឋ៖ ត្បិតតែមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបឋមទាំងពីលើកដំបូងក៏ពិតមែន ប៉ុន្តែកីឡាករ ច្រឹង ពលរដ្ឋ នៅមិនទាន់ហួសកម្រិតអាយុ ១៩ ឆ្នាំនៅឡើយទេ នេះបើតាមការអោយដឹងពីលោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹករបស់គេនៅក្នុងក្លិបក្រសួងការពារជាតិ។ ដូចគ្នាទៅនឹង ស៊ុន វណ្ណដេត ផងដែរកីឡាករ ច្រឹង ពលរដ្ឋ ក៏មិនត្រូវបានលោក Ohara Kazunori កោះហៅឡើយដោយសារលោកគិតថារូបគេក៏ជាសមាជិកនៃក្រុមជម្រើសជាតិឈុតធំ ដូចនេះលោកចង់ទុកពេលអោយគាត់មានពេលវេលាជាមួយក្រុមជម្រើសជាតិឈុតធំច្រើនជាង។

៣. កីឡាករ ម៉ាត់ យ៉ាមីន៖ កីឡាករដែលមកពីក្លិបបឹងកេតអង្គរ រូបនេះក៏មានឈ្មោះនៅក្នុងបញ្ជីតាំងពីការប្រមូលផ្ដុំហ្វឹកហាត់លើកដំបូង រហូតដល់ដំណាក់កាលទី ២ ផងដែរ ប៉ុន្តែក្រោយមកនៅដំណាក់កាលទី ៣ ម៉ាត់ យ៉ាមីន ក៏បាត់ឈ្មោះពីបញ្ជីដោយមិនដឹងពីមូលហេតុផងដែរ។ ទម្រង់លេងកីឡាកររូបនេះបានចាប់ផ្ដើមលេចធ្លោខ្លាំងនៅពេលដែលមិត្តរួមក្រុមរបស់ខ្លួននៅក្នុងក្លិបបឹងកេតអង្គរគឺកីឡាករ Yuya Wada អវត្តមានដោយសារបញ្ហារបួស ដែលនាំអោយរូបគេបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត និងទទួលបានការសរសើរពីសំណាក់ទស្សនិកជនចំពោះទម្រង់លេងរបស់គេជាខ្លាំង។

៤. ស្រាំង ទិត្យឈី៖ មកពីក្លិបភ្នំពេញក្រោន យុវជនវ័យ១៨ឆ្នាំរូបនេះ មានឈ្មោះក្នុងបញ្ជីប្រមូលផ្ដុំតាំងពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលទី ៣ ប៉ុន្តែមិនបន្តមានឈ្មោះនៅក្នុងបញ្ជីកីឡាករ ២៣ នាក់ចុងក្រោយឡើយ ដោយសារតែរូបគេទទួលរងរបួសនៅត្រង់បាតជើង កាលពីជំនួបមិត្តភាពជាមួយ ណាហ្គាវើល ដែលធ្វើអោយយុវជនរូបនេះបាត់បងឱកាសចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំទៅប្រកួតនៅវៀតណាម។