កីឡាករ ខែក ខែមរិន្ទ រំពឹង និងជឿជាក់ថា ប្រវត្តិសាស្រ្តនឹងមិនច្រំដែលសម្រាប់ការបង្ហាញវត្តមានក្នុងក្រុមជម្រើសជាតិសារជាថ្មី

By |

ខ្សែការពារដ៏រឹងម៊ាំរបស់ក្លិបក្រសួងការពារជាតិ កីឡាករ ខែក ខែមរិន្ទ ត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា ចេញទៅប្រមូលផ្តុំហ្វឹកហាត់នៅប្រទេសសិង្ហបុរីរយៈពេល១០ថ្ងៃ ទន្ទឹមនឹងការចូលរួមសារជាថ្មីក្រោយខកខានប្រមាណជាងកន្លះឆ្នាំរួចមក កីឡាកររូបនេះបង្ហាញក្តីរំពឹង និងភាពជឿជាក់ថា ប្រវត្តិសាស្រ្តនឹងមិនច្រំដែលសម្រាប់វត្តមានរបស់រូបគេនាពេលនេះ។

 

សម្តីដែលបានរៀបរាប់ខាងលើ ស្តាប់មើលទៅហាក់ដូចជាកីឡាកររូបនេះមានរឿងអតីតដ៏ជូរចត់មួយក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិ ជាក់ស្តែងគាត់ក៏បានបកស្រាយបំភ្លឺថា៖ « ខ្ញុំបានលេងឲ្យក្រុមជម្រើសជាតិបាន២ដង ពេលដែលចូលរួមពានរង្វាន់ Suzuki Cup កាលពីឆ្នាំ ២០១០ និង ឆ្នាំ ២០១២ » ។ ខែមរិន្ទ បញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១០ ដែលឡាវធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋម Suzuki cup រូបគេរបួសកជើងមុនការប្រកួត ពោលគឺអំឡុងពេលហ្វឹកហាត់ និងក្រោយមកនៅឆ្នាំ២០១៣ ដែលមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋម Suzuki Cup រូបគេក៏ទទួលរងរបួសម្តងទៀត គឺដាច់សរសៃកជើង។

កីឡាករមានវ័យ២៥ឆ្នាំរូបនេះបញ្ចេញមតិជាមួយនឹងការហួសចិត្តថា៖ « ពេលប្រមូលផ្តុំ សមជើងមិនកើតអីទេ ចំពោះសមត្ថភាពខ្ញុំអាចជាប់ហើយ ដល់ពេលហាត់មុនប្រកួតរបួស ទៅជាអត់បានលេងវិញ» ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាខ្សែការពារមួយរូប ខែក ខែមរិន្ទ មិនហ៊ានអះអាងឡើយថា ខ្លួននឹងមិនមានរបួសទៀតក្នុងការបង្ហាញខ្លួនលើកនេះ ហើយថែមទាំងបាននិយាយពាក្យមួយឃ្លាស្តាប់ទៅដូចជាមានភាពជឿជាក់៖ « បើយើងហ្វឹកហាត់ខ្លាចរបួស គឺយើងប្រឹងអត់អស់ពីកម្លាំងកាយកម្លាំងចិត្តទេ ពីព្រោះនៅក្នុងក្រុមជម្រើសជាតិ មានការប្រកួតប្រជែងសមត្ថភាពគ្នាដើម្បីបង្ហាញឲ្យគ្រូបង្វឹកបានឃើញ » ។

៣កត្តាសំខាន់ដែលធ្វើឲ្យ កីឡាករដែលមានកំណើតនៅរាជធានីភ្នំពេញរូបនេះមានកម្លាំងចិត្ត និងតស៊ូពុះពារហូតចាប់បានឱកាសមាសនេះសារជាថ្មី គឺ ក្លិប ខ្លួនឯង និងអ្នកគាំទ្រ ដែលតែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តរហូតមក ហើយក្នុងឱកាសនេះ ខ្សែការពារដែលជួយឲ្យក្រសួងការពារជាតិគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ២០១៦ ជឿជាក់ថា កម្ពុជានឹងអាចឆ្លងផុតវគ្គជម្រុះបឋមពានរង្វាន់ Suzuki Cup 2016 នេះ។

សូមរំលឹកអំពីជីវប្រវត្តិរបស់កីឡាករ ខែក ខែមរិន្ទ ដែលបានដើរលើវិថីបាល់ទាត់ចាប់តាំងពីអាយុ១០ឆ្នាំ ដែលគ្រានោះរូបគេលេងឲ្យក្រុមតាមសាលាមួយដែលចូលរួមប្រកួតពានរង្វាន់មីឡូ ហើយ១ឆ្នាំក្រោយមករូបគេបានចូលទៅជ្រកកោននៅថ្នាលយុវជនរបស់ក្លិបក្រសួងការពារជាតិរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ អំឡុងពេលដែលខ្លួនប្រកបអាជីពជាមួយក្លិប ខែមរិន្ទ ក៏ធ្លាប់បានជាប់ក្រុមជម្រើសជាតិអាយុក្រោម១៣ឆ្នាំ កាលពីឆ្នាំ ២០០៣ ក្រោយមកនៅឆ្នាំ២០០៤ ជាប់ក្រុមជម្រើសជាតិអាយុក្រោម១៤ឆ្នាំ និងឆ្នាំ២០០៧ ជាប់ក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ១ឆ្នាំក្រោយមក ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ លើសពីនេះទៅទៀត ឆ្នាំ២០១១ ជាប់ជម្រើសជាតិអាយុក្រោម២១ឆ្នាំ ហើយលើកចុងក្រោយ គឺជាប់ក្រុមជម្រើសជាតិកម្ពុជាចេញទៅប្រកួតនៅបង់ក្លាដែស ដើមឆ្នាំ២០១៦ ។

១៥ឆ្នាំក្នុងការឈានជើងចូលវិស័យកីឡាបាល់ទាត់នេះ រឿងមួយដែលធ្វើឲ្យដិតជាប់ក្នុងការចងចាំរបស់ ខែក ខែមរិន្ទ គឺគ្រាដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតស្មើជាមួយក្រុមជម្រើសជាតិថៃ ០-០ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាករប្រចាំតំបន់អាស៊ីអាគ្នេយ៏ ( SEA GAMEs  ) នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ ២០១៣ ដែលកាលនោះក្រុមទាំងពីរធ្វើការសម្រុកគ្នាទៅវិញទៅមក។