ក្រោយពីផ្ទេរទៅក្លិបលេងនៅលីគលំដាប់ទី២ សុក ច័ន្ទ រស្មី រកបាន៣គ្រាប់ម្នាក់ឯង ឲ្យអគ្គីសនីកម្ពុជាឈ្នះ ខេត្តកំពង់ឆ្នាំង ៣-២ ម្សិលមិញ

By |

កីឡាករ សុក ច័ន្ទ រស្មី ដែលបានផ្ទេរពីក្លិបបាល់ទាត់ក្រសួងការពារជាតិ ប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ទៅកាន់ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា ដែលប្រកបអាជីពក្នុងលីគលំដាប់ទី២ បានបង្ហាញសមត្ថភាពរបស់ខ្លួនជួយឲ្យក្រុមទើបបង្កើតថ្មីមួយនេះយកឈ្នះក្រុមបាល់ទាត់ខេត្តកំពង់ឆ្នាំង ដោយលទ្ធផល៣ ទល់នឹង២ ទទួលបាន៣ពិន្ទុពីប្រកួតក្នុងសប្តាហ៍ដំបូង ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុងនោះរូបគេរកបាន៣គ្រាប់ម្នាក់ឯង ( Hat-trick ) ពីការប្រកួតនោះ ១គ្រាប់ជាបាល់ទាត់ពិន័យ ( Free-Kick ) ។

សុក ច័ន្ទ រស្មី បានផ្តល់បទសម្ភាសន៍ដល់គេហទំព័រ We Are Footballថា៖ « រាល់គ្រាប់បាល់ទាំងនោះគឺកើតចេញពីមិត្តរួមក្រុមទាំងអស់ ដែលជាផ្នែកសំខាន់ជួយឲ្យក្រុមឈ្នះ » ។ អ្វីដែលជាផលវិបាកបំផុតនោះគឺទីលាននៅតាមខេត្តពិបាកលេងខ្លាំងណាស់ បើសិនអាចសុំឲ្យតាមបណ្តាខេត្តដែលធ្វើម្ចាស់ផ្ទះ មេត្តាជួយសម្រួលទីលានបាល់ទាត់ផង ព្រោះកីឡាបាល់ទាត់ត្រូវការបរិស្ថានស្អាត កីឡាកររូបនេះបានបន្ថែម។

14445117_1754400321477067_8055820142628579506_o

សកម្មភាពទាត់បាល់ពិន័យរបស់កីឡាករ សុក ច័ន្ទ រស្មី

ក្រោយពីជួយក្រុមឈ្នះប្រកួតដំបូង កីឡាករ វ័យ២៦ឆ្នាំរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ « សម្រាប់ខ្ញុំគិតថាពួកយើងធ្វើបានល្អ ពីព្រោះយើងមានយុវជនច្រើនដែលពួកគាត់មិនសូវមានបទពិសោធន៍ តែអាចលេងដោយមានស្មារតីខ្ពស់ និងជឿជាក់លើគ្នា ប៉ុន្តែពួកយើងនៅមានចន្លោះខ្វះខាតជាច្រើនទៀតដែលត្រូវការពេលវេលាហ្វឹកហាត់បន្ថែមទៀត » ។ សុក ច័ន្ទ រស្មីបន្តថា នៅពេលនេះយុវជនរបស់ក្រុមខ្លួននៅមានកម្រិតទាប មិនទាន់មានបទពិសោធន៍ច្រើនលើទីលាន តែគេជឿជាក់ថាបន្ទាប់ពីឆ្លងកាត់បទពិសោធន៍លីគលំដាប់ទី២នេះ ពួកគេទាំងអស់នឹងមានការអភិវឌ្ឍនខ្លួនអាចលេងលីគលំដាប់កំពូលបាន ហើយ ជាចុងក្រោយ អតីតកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជារូបនេះ ប្តេជ្ញាចិត្តនឹងនាំក្លិបអគ្គីសនីកម្ពុជាចូលទៅលេងលីគលំដាប់កំពូលនៅឆ្នាំក្រោយឲ្យបាន។

អត្ថបទពាក់ព័ន្ធ៖ លេចឮថាម្ចាស់ស្បែកជើងមាសពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០០៨ ទៅចូលរួមជាមួយក្លិបអគ្គីសនីកម្ពុជា ?