រក​ឃើញ​បេក្ខភាព​ទី​​ ៤​​ មក​ពី​ប្រទេស​ឡាវ ចូលរួម​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship​ ឆ្នាំ​នេះ​

By |

ពានរង្វាន់ជើងឯកមហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2016 មកទល់ពេលនេះបានរកឃើញបេក្ខភាពទី ៤ ដែលត្រូវទៅចូលរួមប្រកួតហើយ នោះគឺក្រុមជើងឯកលីគកំពូលមកពីប្រទេសឡាវ Lanexang United បើទោះជាមិនទាន់ប្រកួតបញ្ចប់លីគកំពូលរបស់ខ្លួនក៏ដោយ។

ក្លិប Lanexang Unite បានក្លាយជាជើងឯកបន្ទាប់ពីបានយកឈ្នះគូប្រជែងរបស់ខ្លួននៅក្នុងលីគកំពូលឡាវ និងជាអតីតបេក្ខភាពតំណាងអោយក្លិបមកពីឡាវចូលរួមពានរង្វាន់ Toyota Mekong Cup កាលពីឆ្នាំចាស់គឺក្លិប Lao Toyota ដោយលទ្ធផល ៣ ទល់ ១ នៅក្នុងជំនួបសប្ដាហ៍ទី ២៥ នៃពានរង្វាន់លីគកំពូលឡាវ ធ្វើអោយក្លិប Lanexang Unite ដាច់ពិន្ទុពីក្លិប Lao Toyota ៦ពិន្ទុ ខណៈនៅសល់ការប្រកួតតែ១ប្រកួតទៀតប៉ុណ្ណោះ។

ដូច្នេះមានន័យថាបច្ចុប្បន្ននៅសល់តែក្លិបមកពីថៃមួយទៀតប៉ុណ្ណោះ នៅមិនទាន់រកឃើញក្រុមដែលជាបេក្ខភាពតំណាងអោយក្លិបមកពីថៃ ដោយនៅត្រូវរង់ចាំការប្រកួតផ្ដាច់ព្រ័ត្ររវាង Muangthong ជាមួយនឹង Buriram United ក្នុងពានរង្វាន់ Toyota League Cup ត្រៀមប្រកួតនៅថ្ងៃទី ១៥ ខែ តុលា ខាងមុខនេះ ស្របពេលក្លិបទាំង ៤ ដែលមានកៅអីរួចជាស្រេចរួមមានក្លិប Yandanarbon (មីយ៉ាន់ម៉ា) Hanoi T&T (វៀតណាម) Lanexang United (ឡាវ) និង បឹងកេតអង្គរ (កម្ពុជា)។

ឈានដល់ដំណាក់កាលនៃការប្រកួត ក្លិប Yandanarbon (មីយ៉ាន់ម៉ា) ក្លិប Hanoi T&T (វៀតណាម) និងក្លិប Lanexang United (ឡាវ) នឹងត្រូវប្រកួតវិលជុំគ្នាស្វែងរកក្រុមដែលមានពិន្ទុលើគេដើម្បីឡើងមកប្រកួតជាមួយ ក្លិបបឹងកេតអង្គរ (កម្ពុជា) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដែលឈ្នះនឹងបន្តឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្លិបមកពីថៃ រវាង Muangthong ឬក៏ Buriram United នៅដើមខែមករា ឆ្នាំក្រោយ៕

រូបថត៖ LANEXANG UNITED