គ្រូបង្វឹកក្រុមហុងកុងថា៖ « ខ្ញុំមើលមិនឃើញចំណុចខ្សោយរបស់កម្ពុជា តែអ្នកគាំទ្រត្រូវតែបន្តលើកទឹកចិត្តគ្រូបង្វឹក និងកីឡាកររបស់ខ្លួនបន្ថែមទៀត »

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសកោះហុងកុង ដោយលទ្ធផល ២ទល់នឹង០ នៅក្នុងទឹកដីរបស់ខ្លួន កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០១៦ ប៉ុន្តែគ្រូបង្វឹករបស់ហុងកុងបង្ហើបប្រាប់ថា លោកមើលសឹងតែមិនឃើញពីចំណុចខ្សោយរបស់កម្ពុជានោះឡើយ ហើយលោកចង់ឃើញអ្នកគាំទ្រកម្ពុជាបន្ត គាំទ្របន្តទៀតដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ និងគ្រូបង្វឹក។

 

លោក Kim Pan-gon ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកោះហុងកុង បានរៀបរាប់នៅក្នុងសន្និសិទ្ធសារព័ត៌មានកាលពីយប់មិញយ៉ាងដូច្នេះថា៖ « ខ្ញុំគិតថាសព្វថ្ងៃបាល់ទាត់កម្ពុជាមានការរីកលូតលាស់ច្រើន ជាពិសេសចាប់តាំងពីគ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon ចូលមកដឹកនាំ ហើយខ្ញុំបានឃើញការប្រកួតកន្លងមកជាមួយក្រុមដទៃផ្សេងទៀត ដូចជា ឆាយនីស តៃប៉ិ គឺពួកគេមានទម្រង់លេងល្អ » ។

មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកហុងកុងដដែលរូបនេះ បង្ហាញចំណុចសំខាន់សម្រាប់ឲ្យជម្រើសជាតិកម្ពុជាកាន់តែល្អជាងបច្ចុប្បន្ន នោះគឺកត្តាអ្នកគាំទ្រ ។ លោកថាអ្នកគាំទ្រត្រូវតែបន្តគាំទ្របន្ថែមទៀត ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យក្រុមកីឡាករមានកម្លាំងចិត្ត មានភាពជឿជាក់ក្នុងការអភិវឌ្ឍទម្រង់លេងបន្ថែមទៀត។ លោកនៅតែនិយាយដដែលថា ៖ « លោក Lee Tae Hoon គឺពិតជាគ្រូបង្វឹកដ៏ល្អមួយក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានកែប្រែទម្រង់លេងរបស់កីឡាករកម្ពុជាបានយ៉ាងល្អ ជាពិសេសគឺក្បួនការពារដ៏អស្ចារ្យ ដូចនេះ អ្នកគាំទ្រត្រូវតែលើកទឹកចិត្តពួកគេ » ។

សូមរំលឹកឡើងវិញថាកម្ពុជាបានប្រកួតជាមួយហុងកុងម្តងរួចមកហើយកាលពីដើមខែកញ្ញាកន្លងទៅ នៅកោះហុងកុង ដោយកាលនោះបរាជ័យក្រោមលទ្ធផល ៤ទល់នឹង២ និងកាលពីយប់ថ្ងៃទី ០៦ ខែ តុលា ម្សិលមិញនេះទទួលបរាជ័យម្តងទៀតដោយលទ្ធផល ២ទល់នឹង០ ។