ទស្សនៈ​របស់ អិុន សូដាវីដ ក្រោយ​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​ជាតិ​លើក​ដំបូង​ក្រោម​ក្រសែ​ភ្នែក​ទស្សនិក​ជន​រាប់​ម៉ឺន​នាក់

By |

កីឡាករយុវជនមកពីក្លិបភ្នំពេញក្រោន អិុន សូដាវីដ បន្ទាប់ពីបានបង្ហាញខ្លួនបាន ១០ នាទីអោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំក្នុងការប្រកួតផ្លូវការ នាជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្ការ កាលពីម្សិលមិញបានបង្ហាញអារម្មណ៍មោទនភាពដែលបានលេងជាមួយជម្រើសជាតិឈុតធំ បើទោះជាបានលេងតិចក្ដី។

យុវជនដែលមានវ័យក្មេងជាងគេនៅក្នុងក្រុមជម្រើសជាតិរូបនេះថ្លែងជាមួយសម្ដីទាំងស្រុងថា៖ «សម្រាប់ខ្ញុំ គឺខ្ញុំពិតជាមានមោទនភាពដែលបានលេងនៅក្នុងជម្រើសជាតិឈុតធំ ហើយលោកគ្រូគាត់បានដាក់អោយខ្ញុំបានបង្ហាញសមត្ថភាព ទោះតិចក៏ដោយ ម៉េចក៏ដោយ ក៏ខ្ញុំខិតខំអោយអស់ពីសមត្ថភាព ព្រោះវាជាលើកទីមួយរបស់ខ្ញុំ ក្ដីស្រមៃរបស់ខ្ញុំហើយ ដែលខ្ញុំរំពឹងថាខ្ញុំអាចលេងអច្ចឹងបាន»។

សមាជិកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំផងរូបនេះ ក៏បានកំណត់គោលដៅបន្តទៀតធ្វើយ៉ាងណាខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីអោយគ្រូបង្វឹកលោក Lee Tae Hoon អនុញ្ញាតិអោយចូលប្រកួត ប្រសិនបើអាចឆ្នាំក្រោយរូបគេនឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។

ភ្ជាប់ជាមួយគ្នានេះលោក Lee Tae Hoon គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិផ្ទាល់ក៏បានយល់ឃើញពីទម្រង់លេងរបស់ អិុន សូដាវីដ ផងដែរដោយលោកថ្លែងថា៖ «គាត់បានបង្ហាញនូវទម្រង់លេងដែលប្រកបដោយទំនុកចិត្ត ទោះបីជាត្រឹមតែ១០នាទីក៏ដោយ យ៉ាងណាក៏ដោយខ្ញុំដឹងថាយើងឈ្នះការប្រកួតនេះទៅហើយ ដូច្នេះខ្ញុំសម្រេចផ្ដល់ឱកាសអោយ សូដាវីដ ហើយថ្ងៃនេះគាត់ពិតជាបានបង្ហាញការចាប់អារម្មណ៍សម្រាប់ខ្ញុំ»។

គួររំលឹកថាយុវជនដែលមានវ័យ១៨ឆ្នាំ ៣ ខែ និង ០៨ ថ្ងៃ រូបនេះ ត្រូវបានលោក Lee Tae Hoon សម្រេចប្ដូរអោយចូលជំនួសកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី ៨១ ក្នុងការបង្ហាញខ្លួនបានប្រហែល១០នាទី អិុន សុដាវីដ ប៉ះបាល់បានចំនួន ៨ ដង និងស្ទើរតែបង្កើតឱកាសអោយមិត្តរួមក្រុមបានម្ដងផងដែរ៕