ទាំងគ្រូជម្រើសជាតិកម្ពុជា និងគ្រូជម្រើសជាតិឡាវ សុទ្ធតែត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែកនេះ

By |

គ្រូបង្វឹកក្រុមជម្រើសជាតិទាំងពីរ ទាំងកម្ពុជា និងឡាវ សុទ្ធតែអះអាងថាក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនាម៉ោង ៦និង ៣០នាទីល្ងាចថ្ងៃ សៅរ៏ ទី ១៥ ខែ តុលា ឆ្នាំ ២០១៦ ស្អែកនេះ ដែលជាការប្រកួតបើកឆាករបស់ម្ចាស់ផ្ទះកម្ពុជា ក្នុងវគ្គជម្រុះបឋម ពានរង្វាន់ AFF Suzuki Cup 2016 ។

លោក Lee Tae Hoon និយាយនៅក្នុងសនិ្នសិទ្ធសារព័ត៌មាននារសៀលថ្ងៃសុក្រនេះថា៖ « ក្រុមរបស់យើងបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីប្រកួតនាថ្ងៃស្អែកនេះ ហើយវានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ពីព្រោះគួប្រកួតរបស់យើងគឺជាក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា បូករួមជាមួយនឹងកីឡាកររបស់ពួកគេដែលមានទេពកោសល្យល្អៗថែមទៀតផង » ។

រីឯលោក Valakone Phomphakdy ក៏បាននិយាយដូចគ្នាផងដែរនៅក្នុងសន្និសិទ្ធសារព័ត៌មានថា៖ « ក្រុមទាំងបួនសុទ្ធតែមានគោលដៅតែមួយ គឺឆ្លងផុតវគ្គនេះ ដូចនេះការប្រកួតថ្ងៃស្អែក ទាំងប្រកួតទី១ និងប្រកួតទី២ សុទ្ធតែជាប្រកួតសំខាន់ ព្រោះក្រុមនិមួយៗត្រូវការពិន្ទុរៀងៗខ្លួន » ។ គ្រូបង្វឹកជម្រើសជាតិឡាវរូបនេះក៏បានបញ្ជាក់ផងដែរថា កម្ពុជាត្រៀមខ្លួនបានល្អមុនការចាប់ផ្តើមព្រឹត្តិការណ៍នេះ តួរយ៉ាងប្រកួតមិត្តភាពកន្លងមកជាមួយ ហុងកុង និង ស្រីលង្កាជាដើម ប៉ុន្តែលទ្ធផលយ៉ាងណានោះ នឹងបានដឹងនៅថ្ងៃស្អែកក្រោយចប់ការប្រកួត។

ចាំមើលថាតើការប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅថ្ងៃ សៅរ៏ ទី ១៥ ខែ តុលា ឆ្នាំ ២០១៦ នេះ ក្រុមណានឹងដណ្តើមបាន៣ពិន្ទុខ្លះ ដែលព្រុយណេ ជួបជាមួយទីម័រខាងកើត វេលាម៉ោង ៣និង៣០នាទី មុនពេលម្ចាស់ផ្ទះកម្ពុជាជួបជាមួយឡាវ នៅម៉ោង ៦ និង ៣០នាទី ល្ងាច នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងភ្នំពេញ។