AFF Suzuki Cup៖ គ្រូឡាវ គិត​ថាបើក្រុមរបស់លោក​ជួបកម្ពុជា​​នៅប្រកួតចុងក្រោយ​ នោះគឺពិតជារឿងដ៏ល្អសម្រាប់ក្រុមលោក

By |

លោក Valakone Phomphady គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឡាវ លើកឡើងថាប្រសិនបើជំនួបចុងក្រោយ គឺជាជំនួបរវាងក្រុមជម្រើសជាតិឡាវ ជាមួយនឹង ក្រុមជម្រើសជាតិកម្ពុជា នោះគឺពិតជារឿងដ៏ល្អសម្រាប់ក្រុមលោក។

ការថ្លែងបែបនេះគឺនៅក្រោយចប់ការប្រកួតរវាងក្រុមជម្រើសជាតិឡាវ ជាមួយនឹង ក្រុមជម្រើសជាតិព្រុយណេ ក្នុងជំនួបចុងក្រោយនៃពានរង្វាន់ AFF Suzuki Cup 2016 វគ្គជម្រុះបឋម នៅកីឡដ្ឋាន RSN ដែលបញ្ចប់ទៅដោយ ជម្រើសជាតិឡាវ យកឈ្នះ ជម្រើសជាតិព្រុយណេ ដោយលទ្ធផល ៤ ទល់ ៣ ខណ:ដែលធ្វើអោយក្រុមរបស់លោកមិនមានឱកាសឡើងទៅលេងជុំបន្តឡើយ។

គ្រូបង្វឹកដដែលរូបនេះបានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មានថា៖ «ពិតណាស់ ប្រសិនបើគណ:កម្មការរៀបចំការប្រកួតកែតម្រូវកម្មវិធីប្រកួត ដោយរៀបចំការប្រកួតចុងក្រោយ ក្រុមយើងជួប កម្ពុជា នោះគឺពិតជារឿងដ៏ល្អសម្រាប់ក្រុមរបស់ពួកយើង ពីព្រោះយើងនឹងប្រឹងប្រែងប្រយុទ្ធតតាំងជាមួយពួកគេអោយអស់ពីលទ្ធភាព ប៉ុន្តែសម្រាប់ប្រកួតដំបូង ពិតណាស់យើងស្ថិតនៅក្រោមសម្ពាធ ពីព្រោះពួកយើងមកដល់ត្រឹមតែមួយថ្ងៃ និងមិនមានអ្វីត្រូវធ្វើ និងថ្ងៃទី២ ហើយថ្ងៃបន្ទាប់ទៀតយើងប្រកួត ខណ:ដែលកម្ពុជាគេរង់ចាំរួចជាស្រេច គេថែមទាំងរៀបចំក្រុមបានល្អ រួមទាំងអ្នកគាំទ្រពេញកីឡដ្ឋានទៀត ដែលនេះជាសម្ពាធដល់កីឡាកររបស់យើងស្ទើរតែទាំងអស់»។

បន្ថែមលើសពីនេះលោកក៏បានសម្ដែងនូវការអបអរសាទរដល់ ក្រុមជម្រើសជាតិកម្ពុជា ផងដែរដែលទទួលបាន ៩ ពិន្ទុពេញ និងបន្តបានឡើងទៅប្រកួតនៅជុំបន្ទាប់។

ក្រុមបាល់ទាត់ជម្រើសជាតិបានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្រោយប្រកួត ៣ ឈ្នះ២ មិនដែលស្មើ និងចាញ់១ ប្រកួត មាន៦ពិន្ទុក្នុងដៃ៕