ចប់ការប្រកួតភ្លាម ទីម័រខាងកើត ចាកចេញពីកម្ពុជាតាំងព្រឹក ខណៈក្រុមជម្រើសជាតិឡាវ និងជម្រើសជាតិព្រុយណេ ត្រលប់ទៅផ្ទះវិញនៅរសៀលនេះ

By |

ក្រោយប្រកួតបញ្ចប់ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 វគ្គជម្រុះបឋម កាលពីម្សិលមិញជាផ្លូវការ នៅថ្ងៃនេះក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក៏ដូចជាក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ នឹងធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ដើម្បីបន្តត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ AFC Solidarity Cup ដែលគ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បានចាកចេញពីកម្ពុជាតាំងពីព្រឹកមិញមកម្ល៉េះ។

យោងតាមកាលវិភាគនៃការចេញដំណើរ នៅរសៀលនេះក្រោយការចាកចេញរបស់ក្រុមជម្រើសជាតិទីម័រខាងកើត ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ នឹងចេញដំណើរបន្ទាប់ ពោលគឺនៅវេលាម៉ោង ១៤:០៥ នាទីរសៀល តាមជើងហោះហើរលេខ SQ 5005។ ដោយឡែកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិឡាវ នឹងចាកចេញពីទឹកដីនៃប្រទេសកម្ពុជា នៅវេលាម៉ោង ១៧:៥០ នាទីល្ងាច តាមរយៈជើងហោះហើរលេខ VN 902។

គួររំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ បានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងពានរង្វាន់មួយនេះដោយទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយប្រកួតបាន ៣ ដង ឈ្នះ ១ និងចាញ់ ២ មាន៣ពិន្ទុ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិឡាវ បញ្ចប់ទៅដោយទទួលនូវចំណាត់ថ្នាក់លេខ ២ ក្រោយប្រកួត ៣ ប្រកួតដូចគ្នា ឈ្នះ ២ និងចាញ់ ១ ខណៈក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត ឈរនៅបាតតារាង ក្រោយប្រកួតបាន ៣ ដង និងទទួលរងបរាជ័យទាំង ៣ ដង មាន០ពិន្ទុ៕