ទឹកប្រាក់២០ម៉ឺនដុល្លារ ក្នុងពាន AFF Suzuki Cup 2016 កំពុងរង់ចាំកម្ពុជា

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 សម្រាប់ជុំផ្ដាច់ព្រ័ត្រ កាន់តែខិតជិតមកដល់ហើយ ពោលគឺនៅសល់មិនដល់ ១ ខែទៀតឡើយ ខណៈប្រាក់រង្វាន់សម្រាប់ក្រុមដែលបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏នឹងត្រូវបានបង្ហាញអោយដឹងផងដែរ។

សម្រាប់ឆ្នាំ ២០១៦ នេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺប្រាក់រង្វាន់ចែកចេញជាច្រើនប្រភេទដែលរួមមាន៖

– ជើងឯក                                               ៖  ២០០,០០០.០០ ដូល្លា

– ជើងឯករង                                            ៖  ៧៥,០០០.០០ ដូល្លា

– ក្រុមចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ   ៖  ៥០,០០០.០០ ដូល្លា (បានទៅក្រុមទាំងសងខាង)

បន្ថែមពីលើប្រាក់រង្វាន់ទាំង ៤ ខាងលើក៏នៅមានប្រាក់រង្វាន់បន្ថែមទៀតផងដែរ ដែលមានដូចជា ប្រាក់រង្វាន់សម្រាប់ក្រុម Fair Play, កីឡាករដែលលេងល្អជាងគេប្រចាំព្រឹត្តិការណ៍ (MVP), និងកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេប្រចាំព្រឹត្តិការណ៍។

ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ជុំផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តទៅ រហូតដល់ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៦ ដែលមានក្រុមមកពីប្រទេសចំនួន ៨ ចូលរួម និងចែកចេញជា ២ ពូល ដោយពូល A មានម្ចាស់ផ្ទះភីលីពីន, ថៃ, សិង្ហបុរី និង ឥណ្ឌូនេស៊ី ខណៈពូល B មានម្ចាស់ផ្ទះមីយ៉ានម៉ា, កម្ពុជា, វៀតណាម និង ម៉ាឡេស៊ី៕