TMCC៖ លោក ប្រាក់ សុវណ្ណារ៉ា ចង់គេចក្រុមមកពីវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែក៏ត្រៀមទុកជាមុនដែរ

By |

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្លិបបាល់ទាត់បឹងកេតអង្គរ បានលើកឡើងបើក្រុមលោកជៀសក្រុមវៀតណាមបានវាជារឿល្អ តែលោកក៏បានបន្តថាត្រៀមខ្លួនរួចជាស្រេចក្នុងការជួបក្រុមមកពីវៀតណាម (SHB Danang FC) ផងដែរ ការថ្លែងបែបនេះគឺនៅមុនការប្រកួតពានរង្វាន់ក្លិបជើងឯកប្រចាំមហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2016 (TMCC) ដែលក្លិបបឹងកេតអង្គរ ត្រូវរង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គ្រូបង្វឹកដែលជួយអោយបឹងកេតអង្គរ ឈ្នះពានជើងឯកលីគកំពូលកម្ពុជាជាលើកទី២រូបនេះ បានសង្គត់ធ្ងន់ថា៖ «ជាការពិត បើយើងជៀសវៀតណាមបានវាជារឿល្អបំផុត ព្រោះយើងដឹងហើយថាលីគកំពូលវៀតណាមខ្លាំងណាស់ ជាមួយនឹងកីឡាករល្អៗច្រើន ប៉ុន្តែទោះបីជាយ៉ាងណា គឺយើងត្រៀមជួបក្រុមមកពីវៀតណាម នេះជាទស្សនៈរបស់ខ្ញុំផ្ទាល់ព្រោះវៀតណាមជាក្រុមខ្លាំង»។

បញ្ជាក់ថាបឹងកេតអង្គរ ត្រូវអង្គុយរង់ចាំក្រុម ៣ ផ្សេងទៀតដែលត្រូវប្រជែងគ្នានៅជុំដំបូងរួមមាន ក្រុមមកពីមីយ៉ានម៉ា (Yadanarbon FC) ក្រុមមកពីឡាវ (Lanexang United) និងក្រុមមកពីវៀតណាម (SHB Danang FC) ខណៈការប្រកួតជុំដំបូងនឹងត្រូវបញ្ចប់នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ក្រុមដែលមានពិន្ទុលើគេ នឹងត្រូវឡើងមកជួបបឹងកេតអង្គរ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតពីព្រឹត្តិការកីឡា Toyota Mekong Club Championship 2016 សូមចុចទីនេះ…