កីឡាករ គួច ដានី សម្ងំលេង Futsal នៅបារំាងមួយរយៈសិន មុនត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០១៧ខាងមុខ

By |

កីឡាកររបស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ ដែលបានផុតកុងត្រាជាមួយក្លិបនៃលីគកំពូលកម្ពុជាមួយនេះ បានធ្វើដំណើត្រឡប់ទៅស្រុកកំណើតទី២របស់ខ្លួនកាលពីខែកញ្ញាកន្លងទៅ ហើយចូលរួមជាមួយក្លិបបាល់ទាត់Futsal មួយ នៅប្រទេសបារំាង ពោលគឺក្លិប Nantes Bela Futsal ដែលប្រកបអាជីពក្នុងការប្រកួតបាល់ទាត់Futsalក្របខ័ណ្ឌលីគលំដាប់ទី២នៅទីនោះ។

ឆ្លងឆ្លើយតាមប្រព័ន្ធទំនាក់ទំនងសង្គមជាមួយក្រុមការងារ We Are Football កីឡាករកូនកាត់ ខ្មែរ-បារាំង រូបនេះបាននិយាយថា៖ « មូលហេតុដែលរូបលោកទៅចូលរួមលេង Futsalនៅប្រទេសបារំាងក៏ព្រោះតែ រូបលោកចង់នៅក្បែរគ្រួសារ និងមួយវិញទៀត កុងត្រារវាងលោក ជាមួយក្លិបក៏បានផុតផងដែរ » ។

14290057_10153774179051857_5894599379893126858_o

រូបភាពពីក្លិប Nantes Bela Futsal

គួច ដានី បន្តថា ការលេងFutsalនៅទីនោះ គឺពិតជាល្អ ហើយសព្វថ្ងៃក្លិបរបស់លោកក៏កំពុងតែឈរកំពូលតារាងចំណាត់ថ្នាក់ផងដែរ ដោយប្រកួត៥លើក ឈ្នះ៤លើក និងស្មើ១លើក លើសពីនេះទៀត កីឡាករវ័យ ២៦ឆ្នាំរូបនេះរកគ្រាប់បាល់បាន១គ្រាប់ផងដែរ។ ការវិលត្រឡប់មកកម្ពុជាសារជាថ្មីក្នុងឆ្នាំ២០១៧ គួច ដានី បង្ហើបប្រាប់ថាលោកទំនងជាអាចនឹងបន្តកុងត្រាជាមួយក្លិបចាស់គឺខេមបូឌានថាយហ្គឺរ ដើម្បីប្រកួតប្រជែងក្នុងលីគកំពូលរបស់កម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ផងដែរ។

 

សូមរំលឹកអំពីអាជីពរបស់កីឡាករ គួច ដានី ថា ក្រោយពីជួយឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោនលើកពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៥កន្លងទៅ កីឡាករ ដែលអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាទទួលស្គាល់ថាជាកីឡាករដែលមានចលនារហ័សរហួនលើទីលាន បានទៅធ្វើតេស្តសមត្ថភាពជាមួយនឹងក្លិបអាជីព នៃលីគលំដាប់ទី២ របស់ប្រទេសថៃ Sukhothai Football Club មុនត្រឡប់មកលេងឲ្យក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ពាក់កណ្តាលរដូវកាល បន្ទាប់មកផ្ទេរទៅកាន់ក្លិបខេមបូឌានថាយហ្គឺររហូតបញ្ចប់រដូវកាល២០១៦។