ភ្នំពេញក្រោន ចុះកុងត្រានាំយកអតីតគ្រូបង្វឹកយុវជន FC Arsenal-Kyiv មកដឹកនាំសម្រាប់រដូវកាលក្រោយ

By |

ក្រោយចំណាយពេលពេញមួយរដូវកាលមុនជាមួយក្រុមយុវជនភ្នំពេញក្រោន លោក Oleg Starynskyi វ័យ៣០ឆ្នាំ ត្រូវបានថ្នាក់ដឹកនាំក្លិបផ្តល់នូវសេចក្តីទុកចិត្តធ្វើជាគ្រូបង្វឹកក្រុមឈុតធំវិញ ជំនួសតំណែងលោក សែម សំណាង (Sam Schweingruber) ជាគ្រូបង្វឹកកាលពីឆ្នាំចាស់ ខណៈ Sam នឹងត្រូវកាន់កាប់ជាប្រធានបច្ចេកទេសវិញ។

រំលឹកឡើងវិញថាគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានប្រឡូកខ្លួនជាមួយភ្នំពេញក្រោន តាំងពីឆ្នាំ២០១៥ ក្រោយការចាកចេញរបស់លោកគ្រូ Harry Varley ជាមួយក្រុមយុវជនអាយុក្រោម ១៥ និង ១៧ ឆ្នាំ ទៅកោះ Grenada នៅតំបន់អាមេរិកកណ្តាល Caribbean។ រូបលោកបានចំណាយពេល ៣ ឆ្នាំកន្លះនៅប្រទេសម៉ាឡេស៊ី រួមទាំងចំណាយពេល ៦ ខែក្នុងនាមជាជំនួយការគ្រូបង្វឹក ក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំ របស់ជម្រើសជាតិម៉ាឡេស៊ី។

Oleg ចាប់កំណើតនៅ Bila Tserkva នៅជិតរាជធានី Kiev ប្រទេស អ៊ុយក្រែន និងធ្លាប់លេងឲ្យក្រុមយុវជន FC Arsenal-Kyiv មុននឹងចំណាយពេល ៥ ឆ្នាំរៀនពីការដឹកនាំរឿង នៅសាកលវិទ្យាល័យ Kyiv International ទីនោះជាកន្លែងដែលលោកចាប់ផ្តើមបង្វឹក និងធ្វើការឲ្យ Kyiv Regional Federation និងជាគ្រូក្រុមយុវជន FC Arsenal-Kyiv មុននឹងចាប់ផ្តើមរៀនវគ្គបង្វឹកជាមួយ Goal Academy នៅប្រទេសម៉ាឡេស៊ីរយៈពេល ៣ ឆ្នាំ។

បច្ចុប្បន្នលោកមាន UEFA B-license ជាមួយនឹង Coerver Coaching Diploma៕