AFF Suzuki Cup៖ ស្វែង​យល់​ពី​ព័ត៌មាន​​លំអិត​​មុន​ពេលកម្ពុជា ប៉ះ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា នៅ​ម៉ោង​ ៦:៣០ នាទី​ល្ងាចនេះ

By |

នៅល្ងាចថ្ងៃពុធ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 ជុំផ្ដាច់ព្រ័ត្រ វគ្គវិលជុំសន្សំពិន្ទុ ប្រកួតទី២ ពូល B នៅវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅនៃកីឡដ្ឋាន Thuwunna នាទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ានម៉ា។

*ព័ត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទើបតែទទួលរងបរាជ័យ ក្រោមស្នាដៃក្រុមជើងឯកពានរង្វាន់ AFF Suzuki Cup មួយសម័យកាល ម៉ាឡេស៊ី កាលពីប្រកួតដំបូង ដោយលទ្ធផល ៣ ទល់ ២ ដែលធ្វើអោយកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B និងមាន ០ ពិន្ទុក្នុងដៃ។

*កីឡាករដែលរំពឹងថានឹងលេចធ្លោនៅក្នុងការប្រកួត

ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា គឺជាកីឡាករដែលរំពឹងថានឹងលេចធ្លោនៅក្នុងការប្រកួតនេះ ជាក់ស្ដែងក្នុងការបង្ហាញខ្លួនប្រកួតដំបូងរូបគេបាន់ទាត់បាល់បញ្ចូលទីបាន ២ គ្រាប់ផងដែរ បើទោះជាមិនអាចជួយក្រុមអោយយកឈ្នះ ម៉ាឡេស៊ី ក៏ដោយ។ គិតមកទល់ពេលនេះក្នុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិរាល់ការប្រកួតផ្លូវការរូបគេទាត់បញ្ចូលទីបាន ៦ គ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុម (Assist) បាន ៧ លើក និងបង្កើតឱកាសអោយមានគ្រាប់បាល់ចំនួន ៤ លើក ក្នុងចំណោមគ្រាប់បាល់ទាំង ២៤ គ្រាប់សម្រាប់ការប្រកួតលើឆាកអន្តរជាតិនាឆ្នាំ ២០១៦ នេះ។

*៥ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅឆ្នាំ ២០១៦ នេះ៖

សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជានៅឆ្នាំ ២០១៦ ក្នុងការប្រកួតលក្ខណៈផ្លូវការ គឺឈ្នះ ៤ និងចាញ់ ១ ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៖

– ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៦៖ កម្ពុជា ៤-០ ស្រីលង្កា (ការប្រកួតមិត្តភាពអន្តរជាតិ)

– ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៦៖ កម្ពុជា ២-១ ឡាវ (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ វគ្គជម្រុះ)

– ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៦៖ ព្រុយណេ ០-៣ កម្ពុជា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ វគ្គជម្រុះ)

– ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦៖ កម្ពុជា ៣-២ ទីម័រខាងកើត (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ វគ្គជម្រុះ)

– ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)

*តារាងចំណាត់ថ្នាក់ពិភពលោក (FIFA world ranking)

គិតត្រឹមខែតុលា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៦៧ នៃតារាងចំណាត់ថ្នាក់ពិភពលោក និងស្ថិតនៅចំណាត់ថ្នាក់លេខ ៣៣ ប្រចាំទ្វីបអាស៊ីដោយមាន ១២៣ ពិន្ទុក្នុងដៃ និងឈរនៅលេខ ៦ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

 

15068374_785471124925035_8041758607136014677_o

សកម្មភាពប្រកួតចុងក្រោយរវាងជម្រើសជាតិកម្ពុជា បរាជ័យក្រោមស្នាដៃ ម៉ាឡេស៊ី ៣ ទល់ ២ (រូបភាព៖ Myanmar Football Federation)

 

*ព័ត៌មានអំពីក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា

ក្នុងនាមជាក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានធ្វើអោយអ្នកគាំទ្ររបស់ខ្លួនខកចិត្តជាខ្លាំងបន្ទាប់ពីទទួលរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២ ទល់ ១ នៅថ្ងៃប្រកួតបើកឆាក។ បច្ចុប្បន្នម្ចាស់ផ្ទះមីយ៉ាន់ម៉ា កំពុងឈរនៅបាតតារាង ដោយមិនមានពិន្ទុក្នុងដៃឡើយ ពោលគឺ ០ ពិន្ទូដូចគ្នាទៅនឹងជម្រើសជាតិកម្ពុជា ផងដែរ។

*កីឡាករដែលរំពឹងថានឹងលេចធ្លោនៅក្នុងការប្រកួត

ខ្សែប្រយុទ្ធ Aung Thu គឺជាមនុស្សសំខាន់សម្រាប់ក្រុមម្ចាស់ផ្ទះពូល B ខណៈរូបគេក៏ជាកីឡាករម្នាក់ក្នុងចំណោម២៣នាក់របស់មីយ៉ាន់ម៉ា ដែលបានទៅលេងពានរង្វាន់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំ (FIFA U-20 World Cup)។ វ័យត្រឹម២០ឆ្នាំ រូបគេបានក្លាយជាម្ចាស់ពាន MNL Awards ឆ្នាំ២០១៦ (កីឡាករលេងល្អប្រចាំរដូវកាលនៅក្នុងលីគកំពូល) និងរកបាន៨គ្រាប់ ស្របពេលរូបគេក៏ជាម្ចាស់ពានរង្វាន់ AFF Youth Player of the Year 2015 (កីឡាករវ័យក្មេងល្អប្រចាំឆ្នាំសម្រាប់តំបន់អាសុីអាគ្នេយ៍)។ កាលពីជំនួបជាមួយជម្រើសជាតិវៀតណាមរូបគេក៏បានទាត់បាល់បញ្ចូលទីបានមួយគ្រាប់ផងដែរ។

*៥ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសមីយ៉ានម៉ានៅឆ្នាំ ២០១៦ នេះ៖

សម្រាប់ឆ្នាំ ២០១៦ នេះក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិផ្លូវការរបស់ខ្លួន ជាលទ្ធផលស្គាល់ពាក្យថាឈ្នះតែម្ដងគត់ ស្មើ ១ និងចាញ់ ៣ប្រកួត។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៖

– ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦៖ មីយ៉ានម៉ា ០-១ សិង្ហបុរី  (AYA Bank Cup 2016)

– ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦៖ មីយ៉ានម៉ា ៣-០ ហុងកុង (AYA Bank Cup 2016)

– ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ មីយ៉ានម៉ា ០-០ ឥណ្ដូនេស៊ី  (ការប្រកួតមិត្តភាពអន្តរជាតិ)

– ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ មីយ៉ានម៉ា ០-៣ អូម៉ង  (ការប្រកួតមិត្តភាពអន្តរជាតិ)

– ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ មីយ៉ានម៉ា ១-២ វៀតណាម (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)

*តារាងចំណាត់ថ្នាក់ពិភពលោក (FIFA world ranking)

សម្រាប់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាគិតត្រឹមខែតុលានេះ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៥៦ នៃតារាងចំណាត់ថ្នាក់ពិភពលោក និងស្ថិតនៅចំណាត់ថ្នាក់លេខ ២៨ ប្រចាំទ្វីបអាស៊ីមាន ១៦៥ពិន្ទុ និងឈរនៅលេខ ៤ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

 

15110406_785606664911481_5688923476502124336_o

សកម្មភាពប្រកួតចុងក្រោយម្ចាស់ផ្ទះ មីយ៉ានម៉ា ចាញ់វៀតណាម ១ ទល់ ២ (រូបភាព៖ Myanmar Football Federation)

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា៖

នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រុមទាំង២ធ្លាប់ជួបគ្នាចំនួន ១៧ លើក តែសម្រាប់៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ជាលទ្ធផលជម្រើសជាតិកម្ពុជាធ្លាប់ឈ្នះ ជម្រើសជាតិមីយ៉ាន់ម៉ា តែម្ដងគត់ ស្របពេលដែលជម្រើសជាតិមីយ៉ាន់ម៉ា ធ្លាប់ឈ្នះ ៤ ដង។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៨៖ មីយ៉ាន់ម៉ា ៣-២ កម្ពុជា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)

– ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០០៩៖ មីយ៉ាន់ម៉ា ១-០ កម្ពុជា (ការប្រកួតមិត្តភាពអន្តរជាតិ)

– ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១២៖ មីយ៉ាន់ម៉ា ៣-០ កម្ពុជា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)

– ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៤៖ កម្ពុជា ០-១ មីយ៉ាន់ម៉ា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)

– ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៥៖ កម្ពុជា ១-០ មីយ៉ាន់ម៉ា (ការប្រកួតមិត្តភាពអន្តរជាតិ)

 

ប្រភពរូប៖ Myanmar Football Federation