មិត្តភាពកម្ដៅសាច់ដុំ៖ បឹងកេតអង្គរ យកឈ្នះ ព្រះខ័នរាជស្វាយរៀង នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ

By |

ក្លិបបាល់ទាត់បឹងកេតអង្គរ បានប្រកួតយកឈ្នះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា មុននេះបន្តិចដោយលទ្ធផល ៤ ទល់ ២ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ ដែលធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាត់ចាស់)។

គ្រាប់បាល់ទាំង ៤ គ្រាប់របស់បឹងកេតអង្គរ រកបានដោយអតីតកីឡាកររបស់ព្រះខ័នរាជស្វាយរៀង Dzama Bata មួយគ្រាប់ និងកីឡាករ Mizuno Hikaru មួយគ្រាប់ ខណៈគ្រាប់ទី ៣ រកបានដោយកីឡាករ Maramatsu Tomoki និងគ្រាប់ទី ៤ រកបានដោយកីឡាករ Oiboh Julius។ ដោយឡែកគ្រាប់បាល់ ២ គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សារ៉េត គ្រីយ៉ា ទាំង២គ្រាប់។

បញ្ជាក់ថានេះជាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពកម្ដៅសាច់ដុំ ដើម្បីជាការត្រៀមសម្រាប់រដូវកាលថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងដើម្បីជាការធ្វើតេស្តសមត្ថភាពកីឡាករចំនូលថ្មីមកពីតាមបណ្ដាលក្លិបនានា ឬមកពីក្រៅប្រទេសផងដែរ ស្របពេលដែលបឹងកេតអង្គរ យកការប្រកួតនេះជាការត្រៀមសម្រាប់ចូលរួមប្រកួតពានរង្វាន់ BTV Cup 2016 ដែលចាប់ផ្ដើមនាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ នៅខេត្ត Binh Doung ប្រទេសវៀតណាម៕