ប្រាក់ សុវណ្ណារ៉ា៖ កម្លាំង​ជា​បញ្ហា​ចោទ​របស់​បឹងកេតអង្គរ បច្ចុប្បន្ន ពេលទៅប្រកួត BTV CUP 2016 នៅប្រទេសវៀតណាម

By |

ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៦ ក្លិបបាល់ទាត់បឹងកេតអង្គរ ដែលត្រៀមទៅចូលរួមប្រកួតពានរង្វាន់ BTV Cup 2016 លើកទី១៧ នៅខេត្ត Binh Duong ប្រទេសវៀតណាម កំពុងតែមានការព្រួយបារម្ភ ចំពោះការខ្វះខាតកម្លាំងកីឡាករសំខាន់ ដែលកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា នៅប្រទេសមីយ៉ាន់ម៉ា បូករួមជាមួយការហ្វឹកហាត់មិនទាន់បានជុំគ្នាល្អ។

គ្រូបង្វឹកក្លិបបឹងកេតអង្គរលោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ថ្លែងប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីការត្រៀមខ្លួនសម្រាប់ពានរង្វាន់អន្តរជាតិនាពេលខាងមុខនេះថា៖ «យើងដឹងហើយថាកីឡាករយើងមួយចំនួនកំពុងតែជាប់រវល់ជាមួយក្រុមជម្រើសជាតិក្នុងពានរង្វាន់ Suzuki Cup ហើយកីឡាករបរទេសមួយចំនួនទើបតែបញ្ចប់វិស្សមកាល និយាយអោយចំទើបតែចាប់ផ្ដើមបានមួយសប្តាហ៍ទេ ចឹងខ្ញុំគិតថាការត្រៀមខ្លួនសម្រាប់ពានរង្វាន់ BTV Cup នៅខេត្ត Binh Doung របស់វៀតណាម វាអាចនឹងមានបញ្ហាខ្លះ ពីព្រោះយើងមិនទាន់បានជុំគ្នា ហើយអ្វីដែលសំខាន់ពាក់ព័ន្ធនឹងកម្លាំង»។

ពានរង្វាន់ BTV Cup 2016 លើកទី១៧ ដែលធ្វើឡើងនៅខេត្ត Binh Duong ប្រទេសវៀតណាម នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ០២ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ ដោយបឹងកេតអង្គរស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC, Than Quang Ninh FC និងក្រុម Korea University Selection Team។

បញ្ជាក់ថាពានរង្វាន់ BTV Cup ( Binh Duong Television Cup ) ជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ប្រទេសវៀតណាម សហការជាមួយទូរទស្សន៍ខេត្ត៕

អត្ថបទពាក់ព័ន្ធ៖ បឹងកេតអង្គរ នឹងប្រកួតបើកឆាកជួបម្ចាស់ផ្ទះ Becamex Binh Dong របស់វៀតណាម ក្នុងពានរង្វាន់ BTV CUP ខែធ្នូ ខាងមុខនេះ