ឈរកំពូលតារាងលីគលំដាប់ទី២កម្ពុជា ក៏ពិតមែនតែគ្រូបង្វឹកក្លិបគីរីវង់សុខសែនជ័យ នៅបារម្ភក្រុម២ដែលជាគូប្រជែង

By |

ការប្រកួតដណ្ដើមពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា បានរំកិលផុតការប្រកួតសម្រាប់សប្ដាហ៍ទី ៤ ហើយ ដោយបច្ចុប្បន្នក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ កំពុងនាំមុខគេនៅក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ៩ ពិន្ទុក្នុងដៃ ប៉ុន្តែគ្រូបង្វឹកនៃក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានលើកឡើងថាមានក្រុម ២ ដែលជាឧបសគ្គដ៏ធំសម្រាប់ក្លិបក្នុងការប្រជែងកៅអីទៅលេងលីគកំពូលកម្ពុជារដូវកាលក្រោយ។

លោក ផាន់ ចាន់ផាត គ្រូបង្វឹកនៃក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានលើកឡើងថា៖ «សម្រាប់ទៅមុខទៀតយើងគិតថា ក្រុមដែលខ្លាំងៗ នៅតែជាក្លិបសៀមរាបអង្គរ ហើយនឹងក្លិបអគ្គីសនីកម្ពុជា ជាក្រុមដែលយើងគិតថាពោរពេញទៅដោយកីឡាករមានបទពិសោធ បានន័យថាទម្រង់លេងរបស់គេល្អ ជាក់ស្ដែងយើងទើបតែលឺដំណឹងថាខាងក្លិបសៀមរាបអង្គរ ទើបតែថែមកីឡាករដែលលេងនៅលីគកំពូលកម្ពុជាដូចជា ២ នាក់ទៀតផងដែរ»។

គ្រូបង្វឹកដដែលរូបនេះបានបន្តទៀតថា សម្រាប់ទៅមុខទៀតលោកនឹងខិតខំធ្វើយ៉ាងណារក្សាចំណាត់ថ្នាក់អោយឈរនៅកំពូលតារាងដដែល ឬក៏យ៉ាងហោចណាស់ឈរនៅចំណាត់ថ្នាក់លេខ ២ និងសម្រាប់ការប្រកួតនៅក្រៅផ្ទះ លោកនឹងនាំកូនក្រុមប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីទាមទាររកជ័យជម្នះ។

បញ្ជាក់ថាគិតត្រឹមសប្ដាហ៍ទី ៤ នៃពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា ក្លិបគីរីវង់សុខសែនជ័យ កំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយប្រកួតបាន ៤ ដង ឈ្នះ៣ មិនដែលស្មើ និងចាញ់ ១ មាន៩ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ ២ ក្លិបបាល់ទាត់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយមានគ្រាប់បាល់ចំណេញច្រើនជាង ស្របពេលដែលក្លិបបាល់ទាត់អគ្គីសនីកម្ពុជា ឈរនៅលេខ ៣ និងក្លិបបាល់ទាត់សៀមរាបអង្គរ ឈរនៅលេខ៤៕

អត្ថបទពាក់ព័ន្ធ៖ លីគទី២៖ លទ្ធផលប្រកួតកាលពីម្សិលមិញ និងតារាងចំណាត់ថ្នាក់សរុបសម្រាប់សប្ដាហ៍ទី៤

 

រូបភាព៖ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ កាលពីឆ្នាំ២០១៥